អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីអំពាវនាវឱ្យប្រជាពលរដ្ឋកំពុងរស់នៅតំបន់ជាប់ព្រំដែនប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោមដែលបាញ់ដោយកងទ័ពឈ្លានពានថៃមកទឹកដីប្រទេសកម្ពុជា។
សេចក្តីអំពាវនាវចេញនៅថ្ងៃទី២៥កក្កដា ២០២៥ បានសម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះកងកម្លាំងប្រដាប់អាវុធថៃដែលបានប្រើប្រាស់គ្រាប់បែកចង្កោម នាថ្ងៃទី២៥កក្កដា ក្នុងខេត្តព្រះវិហារធ្វើឱ្យប្រជាពលរដ្ឋជាពិសេសកុមារទទួលរងរបួស ខូចខាតទ្រព្យសម្បត្តិ និងមានជនភាសឹកជាច្រើនពាន់នាក់។
ដើម្បីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារគ្រាប់បែកចង្កោម អាជ្ញាធរមីន អំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមព្រំដែន នៅពេលប្រទះឃើញគ្រាប់បែកចង្កោម សូមកុំរើស កាន់ គប់ ដំ កែច្នៃ គ្រាប់ទាំងនោះ វាបណ្តាលឱ្យរបួស ពិការ ស្លាប់គ្រប់ពេល។
អាជ្ញាធរមីន ស្នើឱ្យរាយការណ៍ជាបន្ទាន់មកកម្លាំងប្រដាប់អាវុធ នគរបាលជាតិ អាជ្ញាធរមូលដ្ឋាន មេឃុំ មេភូម ឬប្រតិបត្តិករបោសសម្អាតមីន ដែលនៅក្បែរនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត




