រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ៊ែរ ខេមបូឌា ត្រៀមខ្លួនក្លាយជាកម្លាំងចលករថ្មី ជំរុញវិស័យអាកាសចរណ៍ និងទេសចរណ៍កម្ពុជាឱ្យកាន់តែខ្លាំង

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្រុមហ៊ុនអាកាសចរណ៍ជាតិ «អ៊ែរ ខេមបូឌា» កំពុងពន្លឿនយុទ្ធសាស្ត្រកំណែទម្រង់យ៉ាងសកម្ម តាមរយៈការធ្វើទំនើបកម្មកងយន្តហោះ និងការពង្រីកបណ្តាញហោះហើរឱ្យកាន់តែទូលំទូលាយ។ យោងតាមការបញ្ជាក់ពីឯកឧត្តម ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ផែនការយុទ្ធសាស្ត្រនេះមិនត្រឹមតែលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យទេសចរណ៍ជាតិឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត។

កំណើនជើងហោះហើរចម្ងាយឆ្ងាយ និងខ្សែហោះហើរមេ តាមរយៈកិច្ចព្រមព្រៀងទិញយន្តហោះ Boeing ដ៏រឹងមាំដែលបានចុះហត្ថលេខា នៅឯពិព័រណ៍អាកាសចរណ៍សិង្ហបុរី ដើម្បីនាំមកនូវយន្តហោះទំនើបចុងក្រោយបង្អស់ ចាប់ពីឆ្នាំ២០៣១តទៅ។

* ការធ្វើសមាហរណកម្មជើងហោះហើរក្នុងតំបន់ តាមជើងហោះហើរក្នុងតំបន់ ត្រូវបានពង្រឹងតាមរយៈកិច្ចព្រមព្រៀងទិញដុំ (Bulk Purchase) ជាប្រវត្តិសាស្ត្ររបស់ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា ជាមួយក្រុមហ៊ុន COMAC សម្រាប់យន្តហោះក្នុងតំបន់ C909 រហូតដល់២០គ្រឿង។

ជាមួយនឹងការដឹកជញ្ជូន ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលទីពីរនៃឆ្នាំ២០២៦ យន្តហោះក្នុងតំបន់ទាំងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវជើងហោះហើរក្នុងស្រុក និងជើង ហោះហើរចម្ងាយខ្លីទូទាំងអាស៊ីអាគ្នេយ៍ ដោយបញ្ជូនអ្នកដំណើរយ៉ាងរលូន ទៅកាន់បណ្តាញហោះហើរមេអន្តរជាតិ ដែលកំពុងរីកចម្រើន។

ក្រៅពីការពង្រឹងផ្នែកបច្ចេកទេស អ៊ែរ ខេមបូឌា ក៏កំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីបង្កើតប្រព័ន្ធតភ្ជាប់ជើងហោះហើរឱ្យមានប្រសិទ្ធភាពខ្ពស់។ តាមរយៈការដាក់ឱ្យអនុវត្តការឆែកអ៊ីនរយៈពេលត្រឹម ១៥នាទីសម្រាប់ជើងហោះហើរក្នុងស្រុក និងការកំណត់ពេលវេលាតភ្ជាប់ជើងហោះហើរត្រឹម ៥០ ទៅ ៦០នាទី ក្រុមហ៊ុនបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយភាពរាំងស្ទះ និងបង្កើនភាពងាយស្រួលជូនអ្នកដំណើរ។ នីតិវិធីដែលត្រូវបានកែលម្អលើគ្រប់ផ្នែក រួមទាំងអន្តោប្រវេសន៍ និងសេវាកម្មអីវ៉ាន់នេះ នឹងធ្វើឱ្យបទពិសោធន៍នៃការធ្វើដំណើររបស់អ្នកដំណើរ កាន់តែមានភាពសន្សំសំចៃពេលវេលា និងប្រកបដោយផាសុកភាព៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…