នៅព្រឹកថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមអ្នកសម្របសម្រួលកម្ពុជា (CLG) បានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយផ្ទាល់ នៅតំបន់ព្រំដែន ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីប្រមូលភស្តុតាងជុំវិញការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដីធ្លីដោយខុសច្បាប់របស់យោធាថៃ ចំនួន ៥ ទីតាំង សរុប ៦២ ទូកុងតឺន័រ លើទឹកដីអធិបតេយ្យរបស់កម្ពុជា។
អំពើទន្ទ្រាននេះ បានរារាំង និងរំខានយ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៣,៩៥១ នាក់ (ស្មើនឹង ១,០៤៥ គ្រួសារ រួមទាំងកុមារ ១,១៥៥ នាក់) មិនអាចវិលត្រឡប់ទៅរស់នៅលំនៅដ្ឋានដើមវិញបានឡើយ។
ផ្អែកលើស្ថានភាពជាក់ស្តែង ក្រុមអ្នកសង្កេតការណ៍អាស៊ាន បានគូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការរៀបចំកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងនៃកិច្ចប្រជុំ GBC កាលពីចុងឆ្នាំ២០២៥ ដើម្បីធានាឱ្យប្រជាពលរដ្ឋកម្ពុជា អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញដោយសុវត្ថិភាព និងកិត្តិយស។
ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា កម្ពុជាតវ៉ាយ៉ាងដាច់ខាត និងមិនទទួលស្គាល់ការប្រែប្រួលខ្សែព្រំដែនដែលកើតចេញពីការប្រើប្រាស់កម្លាំងយោធានោះឡើយ ដោយបន្តប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ សន្ធិសញ្ញាបារាំង-សៀម និងខ្សែព្រំដែនមរតកប្រវត្តិសាស្ត្រដែលមិនអាចកែប្រែបាន៕
ដោយ ប៉ៃ សុឃីម








