ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានប្រជុំពិភាក្សាការងារយ៉ាងសំខាន់ជាមួយក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ នៃក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករងអន្តោប្រវេសន៍ និង លោក ជួប ណារ៉ាត់ អគ្គនាយករងការងារ ក្នុងគោលបំណងត្រៀមចុះបំពេញបេសកកម្មអធិការកិច្ចពលកម្ម និងជនបរទេសតាមសហគ្រាស និងគ្រឹះស្ថាននានា។
គោលបំណងនៃកិច្ចអធិការកិច្ចក្នុងកិច្ចប្រជុំនោះ តំណាងអគ្គនាយកដ្ឋាននៃក្រសួងទាំងពីរបានស្នើសុំគោលការណ៍ និងកិច្ចសហការសម្របសម្រួលពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីបើកយុទ្ធនាការចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចលើការអនុវត្តច្បាប់ការងារ និងអន្តោប្រវេសន៍ ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ។ ការចុះត្រួតពិនិត្យនេះមានគោលដៅចម្បងលើ៖
ការពិនិត្យប័ណ្ណការងារ សៀវភៅការងារ និងឯកសារគតិយុត្តិពាក់ព័ន្ធរបស់ជនបរទេស។
ការគ្រប់គ្រងការប្រកបអាជីវកម្ម និងការបម្រើការងាររបស់ជនបរទេសតាមបណ្តារោងចក្រ សហគ្រាស កាស៊ីណូ សណ្ឋាគារ និងគ្រឹះស្ថាននានាទូទាំងខេត្តព្រះសីហនុ ក៏ដូចជារាជធានី-ខេត្តផ្សេងទៀតទូទាំងប្រទេស។
ជាការឆ្លើយតបការប្ដេជ្ញាចិត្ត និងចំណាត់ការយ៉ាងម៉ឺងម៉ាត់ពីអាជ្ញាធរខេត្ត
ឯកឧត្តម ម៉ាង ស៊ីណេត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រយ៉ាងពេញទំហឹងចំពោះបេសកកម្មរបស់ក្រសួងទាំងពីរ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងចាត់តាំងកម្លាំងអន្តរាគមន៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ សហការយ៉ាងជិតស្និទ្ធក្នុងកិច្ចប្រតិបត្តិការនេះ។
ឯកឧត្តម ម៉ាង ស៊ីណេត ថ្លែងបញ្ជាក់បន្ថែមថា ចំណុចស្នូលនៃកិច្ចប្រតិបត្តិការនេះ មិនត្រឹមតែពង្រឹងការអនុវត្តច្បាប់ការងារ និងអន្តោប្រវេសន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិធានការយុទ្ធសាស្ត្រមុតស្រួច ក្នុងការទប់ស្កាត់ និងបោសសម្អាតឱ្យអស់នូវរាល់សកម្មភាពអាជីវកម្មខុសច្បាប់ និងបទល្មើសបច្ចេកវិទ្យា (អនឡាញស្កេម) ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ឱ្យស្របតាមគោលការណ៍ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ឡាយ ចាន់ដា













