គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ យុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្រោមការដឹកនាំ និងបញ្ជាក់ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ។
ការចុះឆ្មក់ និងបង្ក្រាប៖ សមត្ថកិច្ចបានចុះឆ្មក់ទីតាំងសង្ស័យចំនួន ៧៩៣ ទីតាំង ដោយក្នុងនោះបានបង្ក្រាបជាក់ស្តែងចំនួន ៦២៤ ទីតាំង និងបានលុបបំបាត់មណ្ឌលឆបោកទាំងស្រុងចំនួន ៨៦ កន្លែង។
ការឃាត់ខ្លួន និងបណ្តេញចេញ៖ មនុស្សជាង ២៩,០០០ នាក់ (មកពី ៣៩ សញ្ជាតិ) ត្រូវបានឃាត់ខ្លួន។ ក្នុងនោះ ជនសង្ស័យជាង ២២,០០០ នាក់ (មកពី ៣៨ ប្រទេស) ត្រូវបានបណ្តេញចេញទៅប្រទេសដើមរួចរាល់ ខណៈជនសង្ស័យដែលនៅសល់កំពុងស្ថិតក្នុងនីតិវិធីនៃការបញ្ជូនត្រឡប់។
សំណុំរឿងចំនួន ៤០៨ ករណី ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តពង្រីកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកអ្នកជាប់ពាក់ព័ន្ធបន្ថែម ព្រមទាំងតាមដាន និងដកហូតរាល់ទ្រព្យសម្បត្តិដែលទទួលបានពីសកម្មភាពខុសច្បាប់ទាំងនេះ៕
ដោយ៖ ប៉ៃ សុឃីម



