រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រកាសអាសន្ន! កូនរដូវប្រាំងអូសបន្លាយវាយលុកស្រូវជាង ៣ម៉ឺនហិកតា នៅកំពង់ស្ពឺ អាជ្ញាធរជំនាញកំពុងចេញប្រតិបត្តិការសង្គ្រោះបន្ទាន់!

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

បាតុភូតអេលនីញ៉ូ និងកូនរដូវប្រាំងវគ្គពីរ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្ទៃដីដាំដុះស្រូវរបស់ប្រជាកសិករជាង ៣ម៉ឺនហិកតា នៅទូទាំងក្រុង-ស្រុកចំនួន ៧ ក្នុងខេត្តកំពង់ស្ពឺ។ លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ថា តំបន់ដែលរងការគំរាមកំហែងរួមមាន ក្រុងច្បារមន ស្រុកបសេដ្ឋ គងពិសី ឱរ៉ាល់ សំរោងទង ថ្ពង និងស្រុកសាមគ្គីមុនីជ័យ ខណៈផ្ទៃដីស្រូវដើមរដូវខូចខាតប្រមាណ ១៥៦ហិកតាក្នុងស្រុកបសេដ្ឋ កំពុងស្ថិតក្រោមការស្តារឡើងវិញ។

ដើម្បីឆ្លើយតបចំពោះវិបត្តិកង្វះខាតទឹកនេះ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រួមសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានដាក់ពង្រាយគ្រឿងចក្រ និងម៉ាស៊ីនបូមទាញយកទឹកជាបន្ទាន់ពីប្រឡាយមេរលាំងជ្រៃទាំងជើង-ត្បូង ព្រមទាំងប្រភពទឹកស្ទឹងតូច និងស្ទឹងព្រែកត្នោត ដើម្បីបញ្ជូនទៅស្រោចស្រព និងជួយសង្គ្រោះដំណាំស្រូវដែលកំពុងស្រេកទឹកនៅតំបន់រងគ្រោះឱ្យអស់លទ្ធភាព។

ទោះបីជាកំពុងជួបប្រទះបញ្ហាប្រឈមនៃគ្រោះរាំងស្ងួតក្តី សន្ទុះនៃការបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៦ របស់ខេត្តកំពង់ស្ពឺ នៅតែសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយការព្រោះ និងស្ទូងសម្រេចបានរហូតដល់ ១២៧.៥៨៧ហិកតា (ស្មើនឹង ១០៥,៨៦% នៃផែនការ ១២០.៥២៧ហិកតា) ពោលគឺមានការកើនឡើងចំនួន ៨.២២៨ហិកតា បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ កន្លងទៅ។

ដោយ៖ រ៉ាយ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…