រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

តស់ចាំអង្កាលទៀត! មកលេងទឹកដីមណ្ឌលគិរីរដូវកាលបៃតងនេះ ធានាសុវត្ថិភាព១០០% ស្របពេលទឹកជ្រោះប៊ូស្រាត្រៀមទទួលភ្ញៀវយ៉ាងកក់ក្ដៅ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(មណ្ឌលគិរី)៖ ដើម្បីលើកកម្ពស់សក្តានុពលទេសចរណ៍ឱ្យកាន់តែទាក់ទាញ ឯកឧត្ដម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងជំរុញការអភិវឌ្ឍនៅរមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញ«ទឹកជ្រោះប៊ូស្រា» ដោយផ្ទាល់។ ដំណើរចុះមូលដ្ឋាននេះ ធ្វើឡើងស្របពេលដែលខេត្តមណ្ឌលគិរីកំពុងឈានចូល «រដូវកាលបៃតង (Green Season)» ដែលជាពេលវេលាដ៏ស្រស់បំព្រងបំផុតប្រចាំឆ្នាំ ដោយសារព្រៃព្រឹក្សា និងជួរភ្នំត្រូវបានគ្របដណ្ដប់ដោយពណ៌បៃតងខ្ចី រួមជាមួយអាកាសធាតុបរិសុទ្ធ និងកម្លាំងទឹកធ្លាក់ដ៏គគ្រឹកគគ្រេងគួរជាទីគយគន់។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជីវករ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់លើការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងភាពស្មោះត្រង់ ដោយដាច់ខាតមិនត្រូវឆ្លៀតឱកាសតម្លើងថ្លៃទំនិញ ឬសេវាកម្មខុសប្រក្រតីឡើយ ដើម្បីបង្កើនភាពទាក់ទាញ និងភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំឱ្យគណៈគ្រប់គ្រងរមណីយដ្ឋានបង្កើនការយកចិត្តទុកដាក់ខ្ពស់លើអនាម័យ បរិស្ថាន និងបន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែមានស្តង់ដារ សំដៅឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរដែលមកកម្សាន្ត។

ជាការផ្តល់ទំនុកចិត្តយ៉ាងកក់ក្តៅ ឯកឧត្តម គង់ គឹមនី បានប្រកាសធានាសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរ ១០០% នៅគ្រប់គោលដៅទេសចរណ៍ទូទាំងខេត្ត ដោយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធបានត្រៀមលក្ខណៈប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីសម្រួលការធ្វើដំណើរ និងការពារសណ្តាប់ធ្នាប់។ ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជិតឆ្ងាយ ឱ្យរៀបចំដំណើរកម្សាន្តបែបផ្សងព្រេងមកកាន់ដែនដីភូមិភាគឦសានមួយនេះឱ្យបានច្រើនកុះករ ដើម្បីស្រូបយកបទពិសោធធម្មជាតិពិតៗ៕

ដោយ៖ រ៉ាយ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…