មោទនភាពក្រុងព្រះសីហនុ៖ សិស្សឆ្នើម ៥ នាក់ក្នុងថ្នាក់តែមួយ នៅវិទ្យាល័យ ហ៊ុន សែន មិត្តភាព ដណ្តើមបាននិទ្ទេស A គួរជាទីមោទនៈ
ពិតជាគួរឱ្យកោតសរសើរ និងស្ញប់ស្ញែងយ៉ាងក្រៃលែង ចំពោះការខិតខំប្រឹងប្រែងរបស់ប្អូនៗសិស្សានុសិស្សថ្នាក់វិទ្យាសាស្ត្រ នៃវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្នុងក្រុងព្រះសីហនុ ដែលបានបង្កើតស្នាដៃយ៉ាងត្រចះត្រចង់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយក្នុងនោះសិស្សានុសិស្សចំនួន ៥ នាក់ ក្នុងចំណោមសិស្សសរុប ៥៥ នាក់នៅក្នុងថ្នាក់តែមួយ បានដណ្តើមយកជ័យលាភី «និទ្ទេស A» យ៉ាងអស្ចារ្យ ក្នុងចំណោមសិស្សជាប់និទ្ទេស A សរុប ២៦ នាក់ទូទាំងខេត្តព្រះសីហនុ ខណៈសិស្សានុសិស្សដទៃទៀតក៏ទទួលបាននិទ្ទេសល្អៗជាបន្តបន្ទាប់ផងដែរ។
យុវសិស្សឆ្នើមទាំង ៥ រូប ដែលបានសាងភាពលេចធ្លោរួមមាន៖
១. កញ្ញា គាំ វិនារតី ទទួលបាននិទ្ទេស A (ពិន្ទុ ៩៩.៨៦)
២. យុវជន ប៉ិន យ៉ុនវឌ្ឍនា ទទួលបាននិទ្ទេស A (ពិន្ទុ ៩៩.៧៦)
៣. យុវជន យ៉ាវ លឹមណៃ ទទួលបាននិទ្ទេស A (ពិន្ទុ ៩៩.៦០)
៤. កញ្ញា សាយ សេរីសិទ្ធា ទទួលបាននិទ្ទេស A (ពិន្ទុ ៩៩.០៨)
៥. យុវជន យាន សក្កដា ទទួលបាននិទ្ទេស A (ពិន្ទុ ៩៨.៩៦)
ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាផ្លែផ្កាដែលកើតចេញពីការលះបង់ កម្លាំងញើសឈាម និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា ព្រមទាំងអាណាព្យាបាល ដែលបានផ្តល់ការគាំទ្រ និងជំរុញទឹកចិត្តដល់ប្អូនៗរហូតទទួលបានលទ្ធផលគាប់ប្រសើរនេះ។
សូមចូលរួមអបអរសាទរ និងប្រសិទ្ធពរជ័យឱ្យប្អូនៗជួបតែភាពជោគជ័យថ្មីៗបន្ថែមទៀតលើវិថីឧត្តមសិក្សា និងការងារទៅថ្ងៃអនាគត ដើម្បីក្លាយជាធនធានមនុស្សដ៏រឹងមាំក្នុងការកសាង និងអភិវឌ្ឍគ្រួសារ សង្គម និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕ដោយ៖ ប៉ៃ សុឃីម





