លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងចំណោមសិស្សដែលទទួលបាន និទ្ទេស A ទូទាំងខេត្តព្រះសីហនុ មានសិស្សម្នាក់ដែលទទួលបានពិន្ទុខ្ពស់ជាងគេរហូតដល់ ៩៩.៩០០ ពិន្ទុ។
សិស្សឆ្នើមរូបនេះ គឺ កញ្ញា បូរ មាសសុម៉ាលី ភេទស្រី ជាសិស្សនៃ វិទ្យាល័យសុវណ្ណភូមិ ១០ សាខាខេត្តព្រះសីហនុ។ សម្រាប់សាលានេះ មានសិស្សទទួលបាននិទ្ទេស A ចំនួន ៥ នាក់ ខណៈកញ្ញា បូរ មាសសុម៉ាលី គឺជាសិស្សដែលទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេ។
ជាមួយនឹងសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នេះ កញ្ញា បូរ មាសសុម៉ាលី ក៏បានក្លាយជាសិស្សដែលទទួលបាន ពិន្ទុខ្ពស់បំផុតក្នុងចំណោមសិស្សនិទ្ទេស A ទាំង ២៦ នាក់នៅទូទាំងខេត្តព្រះសីហនុ។
លទ្ធផលដ៏ល្អប្រសើរនេះ គឺជាមោទកភាពសម្រាប់សិស្ស គ្រួសារ សាលារៀន និងវិស័យអប់រំនៅខេត្តព្រះសីហនុ ហើយក៏ជាកម្លាំងចិត្តដ៏សំខាន់សម្រាប់សិស្សានុសិស្សជំនាន់ក្រោយ ឱ្យខិតខំប្រឹងប្រែងសិក្សា និងឈានទៅរកភាពជោគជ័យក្នុងការសិក្សា។
សូមអបអរសាទរចំពោះសមិទ្ធផលដ៏ត្រចះត្រចង់របស់កញ្ញា បូរ មាសសុម៉ាលី!ដោយ ៖ប៉ៃ សុឃីម


