កម្ពុជា និងម៉ាឡេស៊ី បានឯកភាពគ្នាក្នុងការពង្រីកទំហំពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគទ្វេភាគីបន្ថែមទៀត ស្របពេលទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសទាំងពីរកំពុងមានសន្ទុះយ៉ាងខ្លាំងក្លា។ ការប្តេជ្ញានេះត្រូវបានធ្វើឡើងក្នុងជំនួបកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ រវាងលោកអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បង្ហាញថា ទំហំពាណិជ្ជកម្ម ៨ខែពីខែ មករា-សីហា ឆ្នាំ២០២៦ សម្រេចបានប្រមាណ ១,០៧ ពាន់លានដុល្លារ កើនឡើង ៥៥,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន (ឆ្នាំ២០២៥ សម្រេចបានជាង ១ពាន់លានដុល្លារពេញមួយឆ្នាំ)។
តុល្យភាពនាំចេញ-នាំចូល កម្ពុជានាំចេញទៅម៉ាឡេស៊ី ១៥១,៧៦ លានដុល្លារ (កើនឡើង ៧១,៨%)ខណៈម៉ាឡេស៊ីនាំចូលមកកម្ពុជាមាន ៩២១,១៩ លានដុល្លារ (កើនឡើង ៥៣,១%)
ចំណាត់ថ្នាក់ដៃគូពាណិជ្ជកម្ម បច្ចុប្បន្ន ម៉ាឡេស៊ីឈរនៅលំដាប់ទី៧ ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា បន្ទាប់ពី ចិន អាម៉េរិក វៀតណាម ជប៉ុន ថៃ និងសិង្ហបុរី។
ទុនវិនិយោគនៅកម្ពុជា (ឆមាសទី១ ឆ្នាំ២០២៦) ក្នុងចំណោមគម្រោងវិនិយោគសរុបចំនួន ២៧៦ គម្រោង (ទុន ៤,៧ ពាន់លានដុល្លារ) វិនិយោគិនម៉ាឡេស៊ីក្តោបក្តាប់ចំណែកទុនប្រមាណ ៤,២៦% នៃទុនវិនិយោគសរុបនៅកម្ពុជា។ផ្អែកលើចំណងការទូតជិត ៧០ឆ្នាំ (១៩៥៧–២០២៧) ភាគីទាំងពីររំពឹងថាកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងវិស័យរដ្ឋ និងឯកជន នឹងកាន់តែបើកផ្លូវទាក់ទាញធុរជនម៉ាឡេស៊ីឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕ដោយ៖ ប៉ៃ សុឃីម
ពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី ហក់ឡើងលើស ១ពាន់លានដុល្លារ ខណៈភាគីទាំងពីរប្តេជ្ញារុញការវិនិយោគឱ្យកាន់តែខ្លាំង
អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ
