រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាចាត់ទុកជប៉ុនជាដៃគូដ៏សំខាន់ និងយូរអង្វែង ក្នុងការកាត់បន្ថយផលប៉ះពាល់ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចាត់ទុកជប៉ុនថា ជាដៃគូដ៏សំខាន់ និងយូរអង្វែងរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន ដែលបានចូលរួមកាត់បន្ថយគ្រោះថ្នាក់ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលនៅតែបង្កការគំរាមកំហែងដល់ប្រជាជន។ ការលើកឡើងនេះធ្វើឡើងក្នុងជំនួបជាមួយ លោក Daisuke Namioka អនុតំណាងអចិន្ត្រៃយ៍នៃតំណាងប្រទេសជប៉ុនប្រចាំសន្និសីទនិព្វាវុធកម្ម នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះការគាំទ្រកម្ពុជាក្នុងការស្វែងរកសន្តិភាព ការអភិវឌ្ឍ និងជាពិសេសការងារបោសសម្អាតមីន។ ឯកឧត្តមក៏បានរំលឹកពីការគាំទ្ររបស់ជប៉ុនចំពោះកម្ពុជាក្នុងការធ្វើជាប្រធាន និងម្ចាស់ផ្ទះកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ដែលជាការរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការប្តេជ្ញាចិត្តរបស់កម្ពុជាឆ្ពោះទៅរកពិភពលោកគ្មានមីន។

ពាក់ព័ន្ធនឹងគ្រាប់បែកចង្កោម ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាគាំទ្រយ៉ាងពេញលេញចំពោះគោលដៅមនុស្សធម៌ និងការអនុវត្តអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ទោះបីកម្ពុជាជារដ្ឋអង្កេតការណ៍ក៏ដោយ និងបន្តសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល់លើប្រជាជនស៊ីវិល។ ជាការឆ្លើយតប លោក Daisuke Namioka បានបញ្ជាក់ពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា-ជប៉ុន និងការប្តេជ្ញាចិត្តបន្តគាំទ្រកម្ពុជាតាមរយៈគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ រួមទាំងការបោសសម្អាតមីន និងគ្រាប់បែកចង្កោម។ដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…