រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឥទ្ធិពលព្យុះទី២៥ «ឌូជូអាន» នាំភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់មកកម្ពុជា ពីថ្ងៃទី១៩ ដល់ ២១ កញ្ញានេះ!

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ទោះបីជាកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះទី២៥ ឈ្មោះ «ឌូជូអាន» (Dujuan) ក៏ដោយ ប៉ុន្តែឥទ្ធិពលសេសសល់របស់វាបាននិងកំពុងគ្របដណ្តប់លើផ្ទៃប្រទេស។ ស្ថានភាពនេះនឹងបង្កឱ្យមានការប្រែប្រួលអាកាសធាតុគួរឱ្យកត់សម្គាល់ ដោយនាំមកនូវភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅស្ទើរតែគ្រប់តំបន់ រយៈពេល ៣ ថ្ងៃពេញ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។

ចំពោះស្ថានភាពជាក់ស្តែងតាមតំបន់នីមួយៗ គឺមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសតំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ដែលប្រឈមនឹងកម្រិតទឹកភ្លៀងគ្របដណ្តប់រហូតដល់ ៧០% នៃផ្ទៃដី ជាមួយកម្រិតសីតុណ្ហភាពចន្លោះពី ២៤°C ដល់ ៣៤°C។ ដោយឡែកសម្រាប់តំបន់វាលទំនាប ភ្លៀងអាចនឹងធ្លាក់គ្របដណ្តប់លើផ្ទៃដីប្រមាណ ៥០% ក្នុងរង្វង់សីតុណ្ហភាពពី ២៥°C ដល់ ៣៣°C។

ជាមួយគ្នានេះ អ្នកដំណើរ និងបងប្អូននេសាទនៅតំបន់សមុទ្រត្រូវបង្កើនការប្រុងប្រយ័ត្នទ្វេដង ដោយសាររលកសមុទ្រអាចមានកម្ពស់ចន្លោះពី ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ អមដោយខ្យល់កន្ត្រាក់ខ្លាំង។ សូមសាធារណជនទាំងអស់តាមដានបច្ចុប្បន្នភាពអាកាសធាតុឱ្យបានជាប់លាប់ និងត្រៀមលក្ខណៈការពារសុវត្ថិភាពផ្ទាល់ខ្លួន ជៀសវាងការជ្រកក្រោមដើមឈើធំៗ ឬស្លាកប៉ាណូពេលមានភ្លៀងខ្យល់បោកបក់។ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…