ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណដល់សមាគមផលិតគ្រឿងអេទ្បិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជា ដែលតែងតែខិតខំកៀរគរវិនិយោគិនក្នុងវិស័យអេទ្បិចត្រូនិក និងបច្ចេកវិទ្យាឱ្យមកបណ្តាក់ទុកនៅកម្ពុជា ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តមអគ្គលេខាធិការបញ្ជាក់បែបនេះក្នុងជំនួបពិភាក្សាការងារជាមួយលោក TSUI FUNG (ឈុយ ហ្វង់) ប្រធានប្រតិបត្តិនៃសមាគមផលិតគ្រឿងអេទ្បិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាលក្នុងការថែទាំដល់វិនិយោគដែលមានស្រាប់ ព្រមទាំងជំរុញ និងទាក់ទាញវិនិយោគថ្មីបន្ថែម។ ឯកឧត្តម លើកឡើងថា ថ្វីត្បិតតែវិស័យអេទ្បិចត្រូនិក និងបច្ចេកវិទ្យា ទើបតែចាប់ផ្តើមមានវត្តមាននៅក្នុងប្រទេសកម្ពុជានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែវិស័យនេះបាននិងកំពុងរួមចំណែករុញច្រានឧស្សាហកម្មកម្ពុជាឱ្យឈានដល់កម្រិតមួយថ្មី និងមានតម្លៃបន្ថែមកាន់តែប្រសើរជាងមុន។
លោក TSUI FUNG បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការពីសកម្មភាពរបស់សមាគមដែលបាននិងកំពុងមានប្រតិបត្តិការនាពេលបច្ចុប្បន្ន។ សមាគមផលិតគ្រឿងអេទ្បិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជា ត្រូវបានបង្កើតទ្បើងនៅក្នុងឆ្នាំ២០២៤ ដោយមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ ហើយបច្ចុប្បន្នសមាគមមានក្រុមហ៊ុនជាសមាជិកចំនួន៤៦ ដែលស្ថិតក្នុងវិស័យអេទ្បិចត្រូនិក និងបច្ចេកវិទ្យា។
ជាមួយគ្នានេះ លោកក៏បានចែករំលែកនូវបញ្ហាមួយចំនួនដែលក្រុមហ៊ុនអេឡិចត្រូនិក ជួបប្រទះក្នុងសកម្មភាពប្រតិការអាជីវកម្មរបស់ខ្លួននាពេលកន្លងមក ពិសេស ក្នុងបរិការណ៍បប្ចុប្បន្ន។ ទោះជាយ៉ាងនេះ សមាគមនៅតែបានបង្ហាញនូវការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ចនិងវិនិយោគ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត






