跳至正文
西哈努克省电视台 · 官方网站
登录

អ្នកនាំពាក្យការពារជាតិកម្ពុជាថាផែនការមេទ័ពភូមិភាគ២ថៃជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាគិតទុកជាមុន

历史原文 · 暂无当前语言译文

នៅសល់តែ៥១ថ្ងៃទៀតមុនចូលនិវត្តន៍ លោក ប៊ុនស៊ីន ផាតឃ្លាំង មេបញ្ជាការយោធភូមិភាគទី២ ថៃ នៅថ្ងៃទី១០ សីហា បានប្រកាសពីផែនការរបស់ខ្លួនដែលចង់ដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងប្រកាសបិទប្រាសាទមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ បូរណភាពទឹកដីរបស់កម្ពុជា។ ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចាត់ទុកការប្រកាសនេះ ជាភស្តុតាងមិនអាចប្រកែកបាន បញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជា ដោយចេតនា និងគិតទុកជាមុន។

តាមរយៈសន្និសីទកាសែតនៅព្រឹកម៉ោង៧ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា ទង្វើរបស់មេបញ្ជាការយោធភូមិភាគទី២ ថៃ ក៏ការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់សម្រេចនូវកិច្ចប្រជុំពិសេសថ្ងៃទី២៨ ខែកក្កដា និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា នៅប្រទេសម៉ាឡេស៊ី។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមថា ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ GBC, ភាគីកម្ពុជា-ថៃ បានឯកភាពគ្នា ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ។

បើតាមលោកជំទាវ ម៉ាលី សុជាតា កម្ពុជាសូមគូសបញ្ជាក់អំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួនក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់គោលការណ៍សន្តិភាពជាធំ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយកម្ពុជាសង្ឃឹមថាភាគីថៃនឹងប្រកាន់គោលជំហរដូចគ្នាប្រកបដោយភាពស្មោះត្រង់ដើម្បីឈានទៅបញ្ចប់ការប្រឈមមុខដាក់គ្នាទាំងស្រុងដើម្បីស្តារមកវិញនូវសន្តិភាព ប្រក្រតីភាព និងប្រជាពលរដ្ឋនៃប្រទេសទាំងពីររស់នៅក្នុងសុខសន្តិភាព។ 

អ្នកនាំពាក្យរូបនេះ សង្កត់ធ្ងន់ថា «បញ្ហាព្រំដែនមិនអាចកែប្រែតាមរយៈការប្រើប្រាស់ជាដាច់ខាត ហើយបញ្ហាព្រំដែនត្រូវតែដោះស្រាយតាមរយៈយន្តការបច្ចេកទេស និងច្បាប់អន្តរតជាតិ»។

ជាមួយគ្នានេះ ក្រសួងការពារជាតិ សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះ ជួយជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយមិនត្រឹមតែតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែងផងដែរ ដោយបញ្ឈប់រាល់អំពើរំលោភបំពានទាំងឡាយ និងរុះរើបន្លាលួសដែលខ្លួនបានលួចដាក់ ចេញឱ្យអស់ជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា។ 

«ស្ថានភាពនៅព្រំដែនជាទូទៅមានសភាពស្ងប់ស្ងាត់ល្អ ហើយយើងគួរបន្តធ្វើឱ្យស្ថានភាពនេះរឹតតែប្រសើរឡើង ជាជាងការធ្វើទង្វើដែលបង្កការរាំងស្ទះដល់ការនាំមកវិញនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាអ្វីមិនត្រឹមតែប្រជាជនយើងចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរ ដូចដែលបានស្តែងចេញតាមរយៈការសម្តែងការអបអរសាទរ និងការគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃជាដើម»។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់បន្ថែម៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…