(ខេត្តព្រះសីហនុ)៖ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២នៃព្រឹទ្ធសភា បានលើកឡើងថា ខេត្តព្រះសីហនុ ជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ដែលស័ក្កិសមជាតារារះទិសនិរតីនៃកម្ពុជា ដោយមានការអភិវឌ្ឍន៍ជឿនលឿន ទាំងវិស័យសេដ្ឋកិច្ច និងវិស័យទេសចរណ៍ ជាពិសេសជាតំបន់ពោរពេញដោយសក្តានុពលដែលទាក់ទាញវិនិយោគិនគ្រប់ទិសទីមកបន្តាក់ទុន។
នាឱកាស ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមពាក់ព័ន្ធនានា ក្នុងខេត្តព្រះសីហនុ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រធានមន្ទីអង្គភាពពាក់ព័ន្ធនានា ក្នុងសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេបជូនឯកឧត្តម យស ផានីត្តា និងគណៈប្រតិភូ អំពីទិដ្ឋភាពទាំងមូលនៃខេត្តព្រះសីហនុដូចខាងក្រោមថា៖
១/សមិទ្ធផល និងសក្តានុពល មានតំបន់សេដ្ឋកិច្ចពិសេស, កំពង់ផែអន្តរជាតិចំនួន៣កម្រិត ដែលអាចអនុញ្ញាត្តិឱ្យនាវាពិភពលោកចូលចុះចតនៅកម្ពុជាបាន ជាពិសេស ខ្សែផ្លូវមេយុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្មគមនាគមន៍ដឹកជញ្ជូនសេដ្ឋកិច្ចធុរកិច្ចនិងទេសចរណ៍ ផ្លូវទឹក ដី និងអាកាស។
២/ផែនការមេ គំរូពហុបំណង ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទាក់ទាញអ្នកវិនិយោគពីបរទេស ដោយរួមបញ្ចូលតំបន់ឧស្សាហកម្ម, កសិកម្ម, ទីក្រុងសមាហរណកម្ម និងតំបន់ទេសចរណ៍។
៣/ផ្នែកសេដ្ឋកិច្ច ដោយការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងការធ្វើអាជីវកម្មផ្សេងៗ នេះដោយសារតែប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសកត្តា សុខសន្តិភាព។
ទន្ទឹមគ្នានេះ ឯកឧត្តម យស ផានីត្តា បានធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលមានឯកឧត្តម ម៉ាង ស៊ីណេត ជាអភិបាលខេត្ត បាននិងកំពុងទាក់ទាញវិនិយោគិនបរទេសគ្រប់ទិសទីមកបណ្ដាក់ទុនក្នុងខេត្តព្រះសីហនុ និងអភិវឌ្ឍន៍ប្រកបដោយចីវរភាព ក្រោមដំបូលសន្តិភាព។ ឯកឧត្តម បញ្ជាក់បន្ថែមថា ខេត្តព្រះសីហនុជាតំបន់លូជីស្ទីក និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទសកម្ពុជា។
ជាចុងក្រោយ ឯកឧត្ដមអភិបាលខេត្ត បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះវីរៈកងទ័ពជួរមុខកម្ពុជា ដែលបានប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពានទឹកដី ដែលបង្កឡើងដោយកងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ
អត្ថបទ ៖ ចិន្តា ទីទិ
រូបភាព ៖ ទាវ វិឆាត







