គិតចាប់តាំងពីម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ រហូតដល់ម៉ោង ៦ និង០០នាទីព្រឹកនេះ សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងយោធភូមិភាគទី៤ និងទី៥ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ គឺមានសភាពស្ងប់ស្ងាត់ តែកងកម្លាំងរបស់យើងគឺស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីឱ្យខាងតែបាន។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថ្លែងបែបនេះក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៤ ខែសីហា។
លោកជំទាវ ម៉ាលី សុជាតា បានគូសបញ្ជាក់ជាថ្មីថា កងកម្លាំងកម្ពុជា បានគោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមទាំងគោលការណ៍ដែលបានឯកភាពគ្នាទាំង១៣ចំណុច កាលពីកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដែលមានការចូលរួមសង្កេតការណ៍ ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

