跳至正文
西哈努克省电视台 · 官方网站
登录

ផ្អាកអនុវត្តច្បាប់មួយរយៈ! រដ្ឋមន្រ្តីមហាផ្ទៃឃើញករណីគ្រោះថ្នាក់ចរាចរណ៍ហក់ឡើងខ្ពស់!

历史原文 · 暂无当前语言译文

ក្នុងអំឡុងពេលនៃការប្រឈមមុខសត្រូវឈ្លានពានថៃ ឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្អាកការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន។ ទន្ទឹមគ្នានេះ ឯកឧត្តម ស សុខា កត់សម្គាល់ឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលនេះ បានហក់ឡើងខ្ពស់ជាងអំឡុងពេលធម្មតា។ ក្នុងន័យនេះ ឯកឧត្តមចង់បញ្ជាក់ថា ការរឹតបន្តឹងច្បាប់នៅតែជាកិច្ចការចាំបាច់បំផុត បន្ទាប់ពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃធូរស្រាល។ 

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានកត់សម្គាល់បែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី១៣ ខែសីហា នៅទីស្តីការក្រសួងមហាផ្ទៃ ។

យ៉ាងណាមិញ ឯកឧត្តម ស សុខា នៅតែបន្តបង្ហាញក្តីព្រួយបារម្ភ បើទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៍ ថយចុះក៏ដោយ។ ឯកឧត្តម នៅតែមានការព្រួយបារម្ភក៏ព្រោះតែ សង្កេតឃើញថា អត្រាគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ ជាពិសេសករណីស្លាប់ និងរបួស នៅតែបន្តស្ថិតក្នុងតួលេខខ្ពស់ ទោះបីជាស្ថិតក្នុងស្ថានភាពថយចុះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ខណៈនិន្នាការនេះ នឹងនៅតែបន្តជះផលអវិជ្ជមាន ដោយសារតែកំណើននៃការប្រើប្រាស់មធ្យោបាយធ្វើដំណើរ និងការធ្វើចរាចរណ៍ដ៏មមាញឹកពីមួយឆ្នាំទៅមួយឆ្នាំ។ 

បើតាមរបាយការណ៍ដែលផ្សព្វផ្សាយក្នុងកិច្ចប្រជុំនៅឆមាសទី១ ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១ ,០៦៦លើក បណ្ដាលឱ្យស្លាប់មនុស្ស ៦៩៤នាក់ និងរបួស១,៤៧៦នាក់។ ចំនួននេះ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ ថយចុះ៤៦៨លើក ស្មើនឹង៣១% អ្នកស្លាប់ថយចុះ៩៩នាក់ ស្មើ១២% និងអ្នករបួសថយចុះ ៦៤០នាក់ ស្មើ៣០%។ 

ប៉ុន្តែយ៉ាងណាក៏ដោយ ប្រមុខក្រសួងមហាផ្ទៃ ក៏បានសាទរចំពោះលទ្ធផលវិជ្ជមាន នៃការថយចុះករណីគ្រោះថ្នាក់ចរាចរណ៍ទាំងការស្លាប់ និងរបួស ក្នុងឆមាសទី១ នៃដើមឆ្នាំ២០២៥នេះ ដែលជាការបញ្ជាក់ច្បាស់អំពីលទ្ធផលនៃការខិតខំប្រឹងប្រែងអនុវត្តច្បាប់។

ជាមួយគ្នានេះ ឯកឧត្តម ស សុខា បានណែនាំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិនិត្យទិដ្ឋភាពបច្ចេកទេស និងច្បាប់ ដើម្បីគ្រប់គ្រង និងកំណត់លក្ខខណ្ឌនៃការប្រើប្រាស់កង់អាគុយ ឬកូនរថយន្តអាគុយ(ជិះម្នាក់ពីរ) ដ្បិតការប្រើប្រាស់មានកំណើន សកម្មភាពចរាចរណ៍មានលក្ខណៈទូទៅ ទាំងលើផ្លូវជាតិ ពិសេសចាប់ផ្ដើមមានក្នុងកំណត់ត្រានៃគ្រោះថ្នាក់ចរាចរណ៍។ 

ឯកឧត្ដម ក៏បានណែនាំឱ្យរដ្ឋបាលខេត្តមួយចំនួន រៀបចំសិក្សាលើការបង្កើតសួនសុវត្ថិភាពចរាចរណ៍សិប្បនិម្មិតនៅតាមទីតាំងមួយចំនួន ព្រោះសួននេះមិនត្រឹមតែសម្រាប់សិស្សានុសិស្សនោះទេ ប៉ុន្តែក៏សម្រាប់បង្ហាញដល់សាធារណជន ឱ្យចូលសិក្សាស្វែងយល់បន្ថែមលើអ្វីដែលបានរៀននៅសាលាបើកបរ ដើម្បីពង្រឹងការយល់ដឹងអំពីច្បាប់ ការគោរពសិទ្ធិអាទិភាព បច្ចេកទេស និងក្រមសីលធម៌នៃការបើកបរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…