ឆ្នាំសិក្សា២០២៥-២០២៦នេះ ជាឆ្នាំសិក្សាដែលក្រសួងអប់រំ ផ្តោតលើការយកចិត្តទុកដាក់បន្ថែមចំពោះកុមារ ឬសិស្សដែលវិលត្រឡប់ពីប្រទេសថៃ ឱ្យបានចូលរៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ឬទីកន្លែងសិក្សានានា ដើម្បីធានាឱ្យកុមារ/សិស្សទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
នៅថ្ងៃទី១៤ ខែសីហា ឯកឧត្តម ហង់ជួន ណារ៉ុន បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើការព្រាងសេចក្តីណែនាំស្តីពី “ការប្រមូលកុមារចំណូលស្រុកពីប្រទេសថៃឱ្យចូលរៀន” ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់នៃក្រសួងអប់រំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទផ្សេងទៀត។
បន្ទាប់ពីមានការធ្វើបទបង្ហាញអំពីសេចក្តីព្រាងឯកសារសេចក្តីណែនាំស្តីពី “ការប្រមូលកុមារ និងសិស្សនុសិស្សចំណូលស្រុកពីប្រទេសថៃឱ្យបានចូលរៀន” រួចមក អង្គប្រជុំទាំងមូល បានពិនិត្យពិភាក្សាផ្លាស់ប្តូរយោបល់ ប្រមូលធាតុចូលដើម្បីបន្តកែលម្អសេចក្តីព្រាងនេះ លើចំណុចសំខាន់ៗ មួយចំនួនដូចជា៖ វិធីសាស្ត្រក្នុងការទទួលកុមារ ឬសិស្សដែលវិលប្រឡប់ពីប្រទេសថៃ, លក្ខខណ្ឌក្នុងការដាក់ពាក្យចូលរៀន, កម្មវិធីបំប៉នបន្ថែមសម្រាប់សិស្សរៀនខ្សោយ, ការត្រៀមមុនថ្ងៃបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦, ការរៀបចំការបង្រៀននិងរៀន ,ការរៀបចំថ្នាក់រៀន ឬទីកន្លែងសិក្សា,ការរៀបចំសម្ភារសិក្សា និងការផ្គត់ផ្គង់,ការរៀបចំគ្រូបង្រៀន, ការចូលរួមរបស់សហគមន៍ និងដៃគូអភិវឌ្ឍ, ពិនិត្យតាមដាន និងវាយតម្លៃការសិក្សា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីអប់រំ បានជំរុញក្រុមការងារ ត្រូវពន្លឿនកិច្ចការនេះឱ្យរួចរាល់ឆាប់រហ័ស និងបន្តសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាណែនាំដល់គ្រប់មន្ទីរអប់រំរាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សាសាធារណៈនូវសកម្មភាពការងារសម្រាប់អនុវត្តបន្ថែមក្នុងឆ្នាំសិក្សា២០២៥-២០២៦ ដោយឯកឧត្តមបញ្ជាក់ថា គ្រឹះសិក្សាស្ថានសាធារណៈទាំងអស់ត្រូវទទួលកុមារចំណូលស្រុកពីប្រទេសថៃ ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យចូលរៀន ដោយសម្របសម្រួលលក្ខខណ្ឌ/នីតិវិធី កុំឱ្យមានភាពស្មុគស្មាញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ខាងមុខនេះ។
ការជំរុញនេះ បើតាមឯកឧត្តមបញ្ជាក់ថា សំដៅលើកទឹកចិត្តដល់មាតាបិតា អ្នកអាណាព្យាបាល ឱ្យបញ្ជូនកូនទៅរៀនឱ្យបានច្រើន ដើម្បីទទួលបានការអប់រំស្របតាមវ័យរបស់ពួកគេ បើទោះជាស្ថានភាពនៅតាមព្រំដែនមិនទាន់មានភាពប្រក្រតីក៏ដោយ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត





