跳至正文
西哈努克省电视台 · 官方网站
登录

អភិបាលខេត្តព្រះសីហនុឱ្យមន្រ្តីជំនាញខិតខំរុញទឹកស្អាតដល់ខ្នងផ្ទះពលរដ្ឋ

历史原文 · 暂无当前语言译文

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានណែនាំមន្រ្តីជំនាញ និងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតឱ្យខិតខំសិក្សាជំរុញទឹកស្អាតដល់ភូមិ-ឃុំរបស់ប្រជាពលរដ្ឋបានប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវជាក់ស្តែង។

ការណែនាំរបស់ឯកឧត្តម ម៉ាង ស៊ីណេត បានធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ក្នុងកិច្ចប្រជុំពិភាក្សាករណីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រាយការណ៍អំពីការឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងវេទិកាសាធារណៈពាក់ព័ន្ធនឹងការតភ្ជាប់បណ្តាញ និងការផ្គត់ផ្គង់ទឹកស្អាតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ត លើកឡើងថា «យើងត្រូវរកវិធីសាស្រ្តបែបណា ដែលអាចធ្វើឱ្យពួកគាត់(ប្រជាពលរដ្ឋ)មានទឹកប្រើប្រាស់បានគ្រប់គ្រាន់។ ជួយគិតមើល មើលបើនៅក្នុងក្រុងព្រះសីហនុមិនមានបញ្ហាអ្វីចោទទេ ព្រោះខ្វះតិចតួច ប៉ុន្តែត្រូវខិតខំក្តោបក្តាប់គោលដៅដែលមិនទាន់មាននោះឱ្យបានច្បាស់លាស់»។

ទោះជាមានបញ្ហាពិបាកដោះស្រាយយ៉ាងណាក៏ដោយ ក៏ឯកឧត្តមអភិបាលខេត្ត មិនចង់ឃើញប្រជាពលរដ្ឋនិយាយថាគ្មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់នោះដែរ។ ក្នុងន័យនេះ ឯកឧត្តមចង់សង្កត់ធ្ងន់ថា «ទោះរូបភាពបែបណាក៏ដោយ តែគាត់(ប្រជាពលរដ្ឋ)និយាយថាអត់ទឹក នោះគឺជាកំហុសរបស់យើងហើយ ដូច្នេះត្រូវខិតខំជំរុញទឹកស្អាតឱ្យទៅដល់ពួកគាត់ទាំងអស់គ្នា»។

ទន្ទឹមគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណេត បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ ត្រូវបានអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដូច្នេះត្រូវតែមានទឹកស្អាតគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គងជូនក្រុមហ៊ុន រោងចក្រសហគ្រាស ដែលបង្កើតនៅក្នុងខេត្តព្រះសីហនុ។ បន្ថែមពីនេះ ឯកឧត្តមក៏ជំរុញឱ្យសិក្សាទៅលើទីតាំងខ្ពស់ៗដែលត្រូវប្រើវិធីសាស្រ្តក្នុងការរុញប្រព័ន្ធទឹកស្អាតឱ្យដល់ទីតាំងទាំងនោះបានប្រើប្រាស់ដូចគ្នាដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ អត្ថបទ៖ ង៉ែត ពិសាន្ត រូបភាព៖ ឡាយ កុល

评论

正在加载评论…