ស្នាក់ការសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា សាខាខេត្តព្រះសីហនុ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមវត្តមានលោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ សីហា។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានសម្រេចយកខេត្តព្រះសីហនុ ជាទីតាំងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការបើកសាខារបស់ខ្លួន។ បន្ថែមពីនេះ លោកបញ្ជាក់ពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកដែលជាវិស័យអាទិភាព។
បើតាមលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា សមាគម បានបង្កើតឡើងតាមប្រកាសចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ដែលជាអតីតសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ ហើយបានប្តូរមកជា សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា តាមប្រកាសចុះថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ។
បន្ថែមពីនេះ សមាគម បង្កើតឡើងដើម្បីចូលរួមលើកស្ទួយចំណេះជំនាញក្នុងវិស័យដឹកជញ្ជូន អ្នកផលិត អ្នកនាំចេញ នាំចូលឱ្យកាន់តែប្រសើរឡើង និងជំរុញឱ្យមានការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងផ្ដល់ការគាំទ្រដល់វិស័យកសិកម្ម ការរកទីផ្សារជាតិ និងអន្តរជាតិ ជាពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត










