រដ្ឋសភាកម្ពុជា បានស្នើសុំភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិទាំងពីរកម្ពុជា-ថៃ។ សំណើនេះ ត្រូវបានស្នើឡើងនៅមុនចូលដល់ររបៀបវារៈក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែសីហានេះ ក្រោមធិបតីភាពសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ។
សម្តេច ឃួន សុដារី បានប្រកាសជាថ្មីគាំទ្រពេញទំហឹងនិងជឿជាក់យ៉ាងមោះមុតចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ជំហរដាច់ខាត ក្នុងការអនុវត្តយ៉ាងម៉ឺងមាត់នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីបញ្ចប់ជម្លោះកម្ពុជា-ថៃឱ្យបានឆាប់រហ័ស និងស្តារសន្តិភាពពេញលេញឡើងវិញ។
ទន្ទឹមគ្នានេះ បទឈប់បាញ់នៅមានភាពផុយស្រួយនៅឡើយ បើតាមសម្តេច គូសបញ្ជាក់ថា «រដ្ឋសភាកម្ពុជា ស្នើសុំភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងឈប់បាញ់ដើម្បីជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិទាំងពីរ កម្ពុជា-ថៃ»។
រដ្ឋសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជន ការការពារបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា តាមរយៈការទូត និងការគោរពច្បាប់អន្តរជាតិ។
សម្តេចប្រធានរដ្ឋសភា សង្កត់ធ្ងន់ថា «សន្តិភាព សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពស្នូលនៃនយោបាយការបរទេសរបស់កម្ពុជា ដោយរាជរដ្ឋាភិបាលបានប្រឹងប្រែង ជាប្រចាំស្វែងរកសន្តិភាព និងដោះស្រាយជម្លោះជាមួយប្រទេសជិតខាង ដោយសន្តិវិធី ដើម្បីកសាងតំបន់ព្រំដែនរបស់យើងជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍»។
រដ្ឋសភាកម្ពុជា បានថ្លែងការកោតសរសើរចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ភូមិថាំ វេឆាយៈឆៃ (Phumtham Wechayachai) នាយករដ្ឋមន្ត្រីស្តីទីថៃ ដែលបានផ្តួចផ្តើម និងសហការរៀបចំដោយឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងឯកឧត្តម ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយ មានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដែលបានសង្គ្រោះជីវិត និងជីវភាពរស់នៅរបស់ប្រជាជនរាប់សែននាក់ និងប្រទេសជាតិទាំងមូល។ កិច្ចប្រជុំនេះក៏បានបើកផ្លូវឱ្យមានកិច្ចប្រជុំ នៃគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី៧ សីហា ឆ្នាំ២០២៥ ដែលបានឯកភាពលើ ១៣ ចំណុចដ៏សំខាន់សម្រាប់ការអនុវត្តបន្ត។
សម្តេចប្រធានរដ្ឋសភា បានអំពាវឱ្យមានការពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងការរៀបចំនីតិវិធី ប្រតិបត្តិការស្តង់ដា (Standard Operation Procedure) និងលក្ខខណ្ឌគោល (Term of Reference) នៃការចរចាដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត។ សម្តេច គូសបញ្ជាក់ថា «ខ្ញុំក៏សូមគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រឹងប្រែងដោយសុច្ឆន្ទៈពិតប្រាកដ ក្នុងការជំរុញនូវកិច្ចចរចានេះ ដើម្បីឈានទៅរកប្រក្រតីភាព ឡើងវិញ នូវទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ និងសន្តិភាពយូរអង្វែង»។
រដ្ឋសភាកម្ពុជា តាមរយៈសម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណដល់មិត្តអន្តរជាតិ ដែលបានជួយជំរុញឱ្យមានបទឈប់បាញ់ ឃ្លាំមើល និងតាមដានសកម្មភាពនៃបទឈប់បាញ់នេះ ដើម្បីជំរុញឱ្យបទឈប់បាញ់កាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការ ជំរុញឱ្យមានការរៀបចំលក្ខខណ្ឌប្រតិបត្តិ នៃយន្តការតាមដានត្រួត ពិនិត្យការអនុវត្តបទឈប់បាញ់របស់ក្រុមអ្នកសង្កេតការណ៍បណ្តោះ អាសន្ន (Interim Observer Team) ដឹកនាំដោយអនុព័ន្ធយោធាប្រទេស ម៉ាឡេស៊ី ដើម្បីសង្កេតការណ៍ភ្លាមៗ។
សម្តេចឃួន សុដារី បានថ្លែងអំណរគុណដល់ប្រទេស និងស្ថាប័នជាមិត្តមានជាអាទិ៍ សហភាពអឺរ៉ុប ប្រទេសចិន ប្រទេសជប៉ុន កាកបាទក្រហមកម្ពុជា កាកបាទក្រហមអន្តរជាតិ អង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision) អង្គការយូនីសេហ្វ (UNICEF) និងអង្គភាពការពារកុមារ (Child Protection Unit) ដែលបានផ្តល់ជំនួយមនុស្សធម៌ ដែលកំពុងត្រូវការជាចាំបាច់ សម្រាប់ជួយដល់ជនភៀសសឹកកម្ពុជារាប់សែននាក់។ ទឹកចិត្តសប្បុរសនេះនឹងស្ថិតជាប់ក្រអៅបេះដូងប្រជាជនកម្ពុជាជានិច្ច។
រដ្ឋសភា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគ្រួសារវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាជនខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ដែលបានបង្ហាញពីស្មារតីស្នេហាជាតិ សាមគ្គីភាពរឹងមាំ ចូលរួមយ៉ាងសស្រាក់សស្រាំទាំងស្មារតី ថវិកា និងសម្ភារៈ បាន ប្រមូលផ្តុំគ្នា សម្តែងមតិគាំទ្រដល់សន្តិភាព គាំទ្រដល់កងកម្លាំងក្នុងការការពារបូរណភាពទឹកដី និងទាមទារឱ្យមានការដោះលែងយោធិនកម្ពុជាចំនួន ១៨រូប ដែលស្ថិតនៅក្រោមការឃុំគ្រងរបស់ទ័ពថៃជាបន្ទាន់ និងឥតលក្ខណ្ឌ។ សកម្មភាពទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងខឿនការពារជាតិរបស់ប្រជាជន និងការការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងឧត្តម ប្រយោជន៍ស្នូលរបស់ប្រជាជាតិ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត



