ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៥ ខែសីហា បានជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន CIMIC Group ដឹកនាំដោយលោក Robert Seidler សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CIMIC Group។ ក្នុងជំនួបនេះ ក្រុមហ៊ុនបានបង្ហាញពីចេតនាក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជាបន្ថែមទៀត។
ជាមួយគ្នានេះ លោក Robert Seidler តំណាងសមាជិកក្រុមប្រឹក្សាភិបាល បានជម្រាបជូនអំពីវឌ្ឍនភាពនៃការវិនិយោគរបស់ខ្លួននៅកម្ពុជា និងផែនការពង្រីកការវិនិយោគបន្ថែមឈរលើមូលដ្ឋាននៃភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ក្រុមហ៊ុនបានសម្តែងនូវការពេញចិត្តចំពោះការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគ ដែលបានបង្កនូវភាពងាយស្រួលក្នុងការបណ្ដាក់ទុន និងការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ មិនតែប៉ុណ្ណោះ កម្ពុជាមានកម្លាំងពលកម្មដែលមានឧត្តមភាពប្រកួតប្រជែងខ្ពស់ និងមានភាពស្វាហាប់ ព្រមទាំងងាយស្រួលក្នុងការទទួលយកការបណ្ដុះបណ្ដាលថ្មីៗផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបង្ហាញជូនក្រុមហ៊ុននូវគោលនយោបាយ និងផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញធ្វើឱ្យការបណ្ដាក់ទុនវិនិយោគ និងការធ្វើអាជីវកម្មនៅកម្ពុជាកាន់តែមានភាពទាក់ទាញ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត




