跳至正文
西哈努克省电视台 · 官方网站
登录

រដ្ឋមន្រ្តីទេសចរណ៍ធ្វើដំណើរទៅចិនដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាបន្ថែម

历史原文 · 暂无当前语言译文

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូ និងវិស័យឯកជន អញ្ជើញបំពេញទស្សនកិច្ចទៅកាន់ខេត្តយូណាន ប្រទេសចិន ដើម្បីទាក់ទាញ និងជំរុញលំហូរភ្ញៀវទេសចរចិន ពិសេសពីខេត្តយូណានមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ការបំពេញទស្សនកិច្ចនេះ នឹងធ្វើឡើងពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»។ ការបំពេញទស្សនកិច្ចនេះទៀតសោត គឺទទួលបានគោលការណ៍អនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងមានការសម្របសម្រួលរៀបចំពីក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក (Angkor International Airport Investment-AIAI) ក្រោមកិច្ចសហការជាមួយរដ្ឋបាលប្រជាជនខេត្តយូណាន និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន។

បន្ថែមពីនេះ ការទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលប្រជាជនខេត្តយូណាន និងផ្នែកឯកជនទាំងពីរ ដើម្បីទាក់ទាញ និងជំរុញលំហូរភ្ញៀវទេសចរចិន ពិសេសពីខេត្តយូណាន មកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ចំណែក នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាទីក្រុងគុនមីញ  ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជំនួបពិភាក្សាការងារជាមួយមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន ប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ប្រទេសទាំងពីរ ជាពិសេសការទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…