跳至正文
西哈努克省电视台 · 官方网站
登录

គម្រោងវិនិយោគ១៧មានទុន២៥៧លានដុល្លារបានការលើកទឹកចិត្តពិសេសពីរដ្ឋ

历史原文 · 暂无当前语言译文

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំសម្រេចផ្តល់គោលការណ៍ការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីដល់គម្រោងវិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុចំនួន ១៧គម្រោង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការក្រសួងសេដ្ឋកិច្ច។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

គម្រោងទាំង១៧ ដែលទទួលបានគោលការណ៍លើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន ៦ និង គម្រោងថ្មីចំនួន១១ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុបប្រមាណ ២៥៧លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ១ ៧៨០ កន្លែង ។

គម្រោងទាំងនេះ មានជាអាទិ៍ រមណីយដ្ឋានកសិ-ទេសចរណ៍, គម្រោងរោងចក្រផលិត និង កែច្នៃ គ្រឿងតុបតែង គ្រឿងសង្ហារិម, គម្រោងសកលវិទ្យាល័យ, គម្រោងមន្ទីរពេទ្យ, និង គម្រោងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ។ ទន្ទឹមនឹងការសម្រេចជាគោលការណ៍នេះ ក្រុមការងារនឹងផ្តល់ការសម្រួលនីតិវិធី ការសម្របសម្រួល និង ការដោះស្រាយបញ្ហា ក៏ដូចជា សំណូមពរនានា ដើម្បីជំរុញការវិនិយោគ ឱ្យប្រព្រឹត្តទៅបានឆាប់ រលូន និង មានប្រសិទ្ធភាព ។

ឯកឧត្តម ហ៊ាន សាហ៊ីប បានថ្លែងអំណរគុណដល់ក្រុមការងារ ដែលបានបន្តអនុវត្តកម្មវិធីពិសេសយ៉ាងសស្រាក់សស្រាំប្រកបដោយទំនួលខុសត្រូវខ្ពស់ និងស្មារតីប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» នារយៈពេលជិត ២ឆ្នាំកន្លងមកនេះ ។

ឯកឧត្តម បានគូសបញ្ជាក់អំពីសភាពការណ៍សកល និង សង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន រួមមាន ភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ និងការបញ្ចុះអត្រាពន្ធគយបដិការរបស់សហរដ្ឋអាមេរិក មកត្រឹម ១៩% ដែលជាបញ្ហាប្រឈមផង និងជាកាលានុវត្តភាពផង សម្រាប់កម្ពុជា ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីរក្សាវិនិយោគិនមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មី ជាមួយនឹងការបង្កើតបរិយាកាសវិនិយោគអំណោយផល ។

ឯកឧត្តមប្រធានក្រុមការងារ សង្កត់ធ្ងន់ពីកម្មវិបាកផ្នែកសង្គម-សេដ្ឋកិច្ច កើតចេញពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់មកលើខ្សែច្រវាក់ផ្គត់ផ្គង់ និង ផលិតកម្ម រំហូរការងារ និង តម្រូវការលើផលិតផលប្រើប្រាស់ ព្រមទាំងរំហូរពាណិជ្ជកម្ម ទាំងការនាំចេញ និង ការនាំចូល, ជាពិសេស លើវត្ថុធាតុដើម សម្រាប់បម្រើដល់សកម្មភាពផលិតកម្មក្នុងស្រុក និង និន្នាការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសការនាំចូល ។

ឯកឧត្តម បន្តថា ការណ៍នេះទាមទារឱ្យក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ត្រូវមានការគិតគូរ តាមដាន ថែទាំការវិនិយោគ និង បន្តអនុវត្តការងារដោយបុរេសកម្ម និង ទាន់ពេល ដើម្បីឆ្លើយតប និង ដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ស្របតាមយន្តការក្រុមការងារ សំដៅជំរុញការវិនិយោគ និង សកម្មភាពសេដ្ឋកិច្ចក្នុងខេត្ត ។

លើសពីនេះ ក្រុមការងារត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនសម្ទុះទេសចរណ៍, ទាក់ទាញវិនិយោគ ដើម្បីជំរុញកំណើនផលិតកម្មក្នុងស្រុក, បង្កើតការងារជូនប្រជាពលរដ្ឋ និង ពង្រីកផលិតកម្ម ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស ព្រមទាំងការប្រើប្រាស់ផលិតផល និង ធាតុចូលផលិតក្នុងស្រុក ។

សូមជម្រាបថា ចាប់ពីឆ្នាំ២០២៤ រហូតដល់ខែសីហា ឆ្នាំ ២០២៥, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ៣៧៥គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ៧ ៨៩១លានដុល្លារអាមេរិក និងប៉ាន់ស្មានអាចបង្កើតការងារ ៥៦ ៧០០កន្លែង។ ក្នុងនោះ, គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន ១៧៦គម្រោង, គម្រោងវិនិយោគថ្មី ១៦១គម្រោង, គម្រោងពង្រីក ២៥គម្រោង និងគម្រោងវិនិយោគមានស្រាប់ ១៣គម្រោង ។

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានជំរុញ និងលើកទឹកចិត្តដល់ធុរជន និង វិនិយោគិនទាំងអស់ មេត្តាឆាប់រួសរាន់អញ្ជើញមកដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និងការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធនឹងការវិនិយោគ។

វិនិយោគិនអាចទំនាក់ទំនងតាមបណ្តាការិយាល័យ របស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ៖ ១). ការិយាល័យក្រុងព្រះសីហនុ មានអាសយដ្ឋាននៅ ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ តាមរយៈលេខទំនាក់ទំនង៖ (+៨៥៥) ១២ ៩០២ ២០០, (+៨៥៥) ៨៩ ៧២៦ ០២៨ និង (+៨៥៥) ១៦ ៣២១ ០១០ និង ២). ការិយាល័យក្រុងភ្នំពេញ មានអាសយដ្ឋាននៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬ តាមរយៈលេខទំនាក់ទំនង៖ (+៨៥៥) ៩៣ ៨៥៨ ៥៤៣ ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…