跳至正文
西哈努克省电视台 · 官方网站
登录

គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង(ស្គន់-កំពង់ចាម)សម្រេចបានជាង៦៥%

历史原文 · 暂无当前语言译文

គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម) សម្រេចវឌ្ឍនភាពការងារបាន ៦៥,៣៨% ហើយ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំក្រុមការងារដើម្បីចុះពិនិត្យវឌ្ឍនភាពគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម) និងពិភាក្សាការងារដាំដើមឈើតាមដងផ្លូវ ការងារសាងសង់ប្រព័ន្ធរំដោះទឹក និងការងារសាងសង់ស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

បេសកកម្មនេះ មានការចូលរួមពីសំណាក់ឯកឧត្តមអនុរដ្ឋលេខាធិការ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម លោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម អភិបាលរងស្រុកពាក់ព័ន្ធ មន្រ្តីបច្ចេកទេសក្រសួង តំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសក្វាងចូវវ៉ានអាន(WACC) ។

សូមជម្រាបថា គម្រោងពង្រីកផ្លូវជាតិលេខ៧ ជា៤គន្លង ចាប់ពីរង្វង់មូលស្គន់ ក្នុងស្រុកជើងព្រៃរហូត ដល់រង្វង់មូលស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម មានប្រវែង ៤៥.៤៨គីឡូម៉ែត្រ។  គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ តាមផែនការគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧។ ប៉ុន្តែបើផ្អែកលើល្បឿននៃសកម្មភាពការដ្ឋាន អាចនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៦ ដែលមានន័យថា លឿនជាងផែនការមួយឆ្នាំ។

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ ៧ បានចាប់ផ្តើមការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ ការស្ថាបផ្លូវនេះត្រូវលើកកម្រិតគុណភាពជាប្រភេទផ្លូវ AC (Asphalt concrete) កម្រាស់ ៩ សង់ទីម៉ែត្រ ជាមួយទទឹងផ្លូវ ២៤,៥ ម៉ែត្រ។ លើការដ្ឋានក៏ត្រូវសាងសង់ស្ពានថ្មីតូច-ធំចំនួន៨ (ស្មើប្រវែងសរុប ១៥៦ ម៉ែត្រ), ជួសជុលស្ពានតូច-ធំ (ចាស់) ចំនួន ៧ ស្ពាន (ស្មើប្រវែងសរុប ១១៦ ម៉ែត្រ) រួមទាំងស្ថាបនាលូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងបរិក្ខារចរាចរណ៍នានា។

ផ្លូវជាតិលេខ ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល តភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងទិសដៅទៅខេត្តកំពង់ធំ សៀមរាប។ កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវ ៧១C, ផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦,ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន ដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ ខ្សែផ្លូវនេះ ក៏ភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេស នៃមហាអនុតំបន់មេគង្គ (GMS) ផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…