ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អះអាងថា សហរដ្ឋអាមេរិក បានចូលរួមចំណែកជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា តាមរយៈភាពជាដៃគូពាណិជ្ជកម្ម ការវិនិយោគ និងជួយលើវិស័យសំខាន់ផ្សេងៗទៀត។ ការអះអាងបែបនេះរបស់ឯកឧត្តមអភិបាលខេត្ត ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលដឹកនាំដោយលោកជំទាវ ប្រ៊ីដហ្គេត អិល វ៉កឃើ (Bridgette L.Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែសីហា។
ឯកឧត្តម ម៉ាង ស៊ីណេត លើកឡើងបន្ថែមថា សហរដ្ឋអាមេរិក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍលើវិស័យសំខាន់ៗដូចជា ការធ្វើមាតុភូមិនិវត្តន៍នៃសម្បត្តិវប្បធម៌ជាតិ ការលើកតម្កើងបេតិកភ័ណ្ឌវប្បធម៌ជាតិកម្ពុជា ការគាំទ្រវិស័យអប់រំ និងវិស័យដោះមីននៅកម្ពុជា ជាដើម។ ឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជាបានបេ្តជ្ញាចិត្តឥតងាករេក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជនន៍ទៅវិញទៅមក។
មិនតែប៉ុណ្ណោះ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនលោកស្រីភារធារីស្តីទីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជាថា សហរដ្ឋអាមេរិក បានជួយកសាងផ្លូវជាតិលេខ៤ ប្រវែង ២៣០គីឡូម៉ែត្រ ដែលតភ្ជាប់ពីរាជធានីភ្នំពេញមកខេត្តព្រះសីហនុ នៅឆ្នាំ១៩៥៥។
ចំណែក កាលពីអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានជួយសង្គ្រោះនាវាទេសចរណ៍ WESTERDAM ដែលមានអ្នកដំណើររាប់ពាន់នាក់ឱ្យចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខណៈប្រទេសដទៃទៀតបានបដិសេធ។ នេះជាការគូសរំលេចបន្ថែមរបស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ។
លើសពីនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងសហរដ្ឋអាមេរិក ព្រមទាំងបានថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតី Donald J Trump ក្នុងការជួយអន្តរាគមន៍ឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ។
ជាការឆ្លើយតប លោកជំទាវភារធារីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហាញពីការតាំងចិត្តរបស់ឯកឧត្តមប្រធានាធិបតី Donald J Trump ក្នុងការជួយឱ្យកម្ពុជាមានសន្តិភាពយូរអង្វែង និងគាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្ដដា នៅប្រទេសម៉ាឡេស៊ី។
លោកជំទាវ បានលើកឡើងថា រដ្ឋាភិបាល និងវិស័យឯកជនរបស់សហរដ្ឋអាមេរិក នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលកម្រិតមធ្យមនៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការបង្កើតវិស័យធុរកិច្ចនិងការវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះ លោកស្រីសង្ឃឹមថា ការប្រារព្ធខួប ៧៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា នឹងជួយពង្រឹងនូវវិស័យជាច្រើនក្នុងប្រទេសកម្ពុជា ដូចជា វិស័យអប់រំ វប្បធម៌ សុខភាពសាធារណៈ វិស័យយោធា និងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសជួយពង្រឹង និងពង្រីកនូវទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរឱ្យមានភាពរីកចម្រើនបន្ថែមទៀត។
ក្រៅពីនេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានបង្ហាញពីសក្តានុពលរបស់ខេត្តព្រះសីហនុជូនលោកជំទាវភារធារីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជាផងដែរ។ ក្នុងនោះ ខេត្តព្រះសីហនុ មានតំបន់ឆ្នេរ និងតំបន់កោះដ៏ស្រស់ស្អាតដែលបានជាប់ចំណាត់លើពិភពលោក។ លើសពីនេះ ខេត្តមានផ្លូវដែក និងផ្លូវគោកតភ្ជាប់ទៅបណ្តារាជធានីខេត្តផ្សេងៗដែលអាចបម្រើឱ្យវិស័យដឹកជញ្ជូនដូចជា ផ្លូវជាតិលេខ៣ លេខ៤ ជាពិសេសផ្លូវល្បឿនលឿន។ បន្ថែមពីនេះ ខេត្តព្រះសីហនុ ក៏មានកំពង់ផែអន្តរជាតិចំនួន៣ ខណៈកំពង់ផែស្វ័យក្រុងព្រះសីហនុកំពុងអភិវឌ្ឍខ្លួនបន្ថែមដើម្បីទទួលនាវាធំៗដែលចរចានៅលើពិភពលោកអាចឱ្យចូលចតបាននៅឆ្នាំ២០៣០ខាងមុខ។ មិនតែប៉ុណ្ណោះ ខេត្តនេះ ក៏មានអាកាសយានដ្ឋានអន្តរជាតិ ដែលអាចតភ្ជាប់ជើងហោះហើរទៅកាន់ពិភពលោកបានទៀតផង។
បន្ទាប់ពីបានបង្ហាញសក្តានុពលខេត្តព្រះសីហនុរួចរាល់ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានស្នើឱ្យលោកជំទាវ ភារធារីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ជួយកៀរគរអ្នកវិនិយោគ និងអ្នកទេសចរសហរដ្ឋអាមេរិក ដើម្បីមកបណ្តាក់ទុនវិនិយោគ និងមកលេងកម្សាន្តនៅខេត្តព្រះសីហនុឱ្យបានកាន់តែច្រើនបន្ថែមទៀត៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត












