ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តការងារយ៉ាងសកម្មលើការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី «ភស្ដុភារកម្ម» ដែលជាឯកសារគតិយុត្តដ៏មានសារៈសំខាន់ និងជាកម្លាំងចលករដែលមិនអាចខ្វះបានក្នុងការជួយជំរុញនូវខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យម និងមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ការលើកឡើងដូច្នេះ បានធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលនានាលើកទី៤ លើសេចក្ដីព្រាងច្បាប់ ស្ដីពី «ភស្តុភារកម្ម» ដែលរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែសីហា។
សេចក្ដីព្រាងច្បាប់ស្តីពី «ភស្តុភារកម្ម» ថ្មីនេះ ត្រូវបានរៀបរៀងកែសម្រួលតាមមតិយោបល់និងធាតុចូលពីភាគីពាក់ព័ន្ធទាំងរដ្ឋ ឯកជន និងដៃគូរអភិវឌ្ឍន៍ ដោយមានចំនួន ១៥ជំពូក និងមានចំនួន ១៦១មាត្រា។ សេចក្តីព្រាងច្បាប់នេះ ក៏ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានទាំងរដ្ឋ ឯកជន និងដៃគូរអភិវឌ្ឍន៍ផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា សិក្ខាកាមទាំងអស់ដែលចូលរួមសិក្ខាសាលានេះ បានផ្ដល់ធាតុចូលសំខាន់ៗបន្ថែមទៀត និងយល់ដឹងពីសារៈសំខាន់នៃសេចក្តីព្រាងច្បាប់ ស្តីពី ភស្តុភារកម្មនេះ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមពង្រឹង ពង្រីក និងអភិវឌ្ឍបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យភស្តុភារកម្មនេះ ដោយធានាបានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សុវត្ថិភាព និងចីរភាពនៃវិស័យភស្តុភារកម្ម។ លើសពីនេះ ក៏បានផ្តល់នូវកាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
សូមជម្រាបថា សិក្ខាសាលានេះ បានធ្វើឡើងដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើការធ្វើបច្ចុប្បន្នភាព ឬការកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពី “ភស្តុភារកម្ម” ដែលបានពិភាក្សាកន្លងមក ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះ កាន់តែល្អប្រសើរពេញលេញ និងគ្រប់ជ្រុងជ្រោយ សំដៅពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ក្នុងវិស័យភស្ដុភារកម្ម នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពធន់ មានស្តង់ដាររួម កាត់បន្ថយចំណាយឡូជីស្ទីក ការលើកម្ពស់ឧត្តមានុវត្ត (Best Practices) បង្កើនភាពប្រកួតប្រជែង ព្រមទាំងបង្កើននូវទំនុកចិត្តពីសាធារណៈជន៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត
















