កំណាត់មហាវិថី ស៊ី ជីនពីង ចាប់ពីផ្លូវបំបែកផ្លូវលេខ១១៦A (គ.ម២+៨០០) ដល់ផ្លូវជាតិលេខ១ ត្រូវបានបិទជាបណ្តោះអាសន្នចាប់ពីព្រឹកថ្ងៃទី០១កញ្ញានេះរហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៨។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ចំពោះការបិទមហាវិថី ស៊ី ជីនពីង ជាបណ្តោះអាសន្ត បើតាមសេចក្តីជូនដំណឹងដដែល បញ្ជាក់ថា ដោយសារក្រសួងសាធារណការ កំពុងអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានទីតាំងផ្នែកខាងលិចនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងខាងកើតស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ ជាមួយគ្នានេះ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សាងសង់បាន ២៣%ហើយ បើគិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៥នេះ។
បើតាមឯកឧត្តម ផន រឹម ស្ពានដីឥដ្ឋ-ថ្មគរ ជាប្រភេទស្ពានបេតុង ដោយស្ពាន និងផ្លូវក្បាលស្ពាន ប្រវែងសរុប៣.៧០០ម៉ែត្រ, តួស្ពានប្រវែង ១.៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ (៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែង ២.១០០ម៉ែត្រ ទទឹងផ្លូវ ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC)។ រយៈពេលសាងសង់ចំនួន ៤៨ខែ (គ្រោងបញ្ចប់អំឡុងឆ្នាំ២០២៨)។
យ៉ាងណាមិញ ដើម្បីឱ្យគម្រោងសាងសង់ស្ពាននេះប្រព្រឹត្តិទៅដោយរលូន ក្រសួងសាធារណការ បានបញ្ជាក់ពីការបង្វែរទិសចរាចរណ៍ជាបណ្តោះអាសន្ន និងកំណត់ប្រភេទផ្លូវដែលយានយន្តប្រើប្រាស់សម្រាប់បញ្ចៀសចេញពីទីតាំងខាងលើដែរ។ ក្នុងនោះ ប្រភេទយានយន្តធុនស្រាល អាចធ្វើចរាចរណ៍តាមផ្លូវលេខ ១១៦A និងប្រភេទយានយន្តធុនធ្ងន់ ត្រូវធ្វើចរាចរណ៍តាមផ្លូវលេខ១២ A។ ចំណែក សម្រាប់ផ្លូវជាតិលេខ១ ដែលទីតាំងគម្រោងឆ្លងកាត់ ការធ្វើចរាចរណ៍នៅរក្សាធម្មតា។
បន្ថែមពីនេះ ក្រសួងសាធារណៈការ បានបញ្ជាក់យ៉ាងដូច្នេះ៖ «សូមសាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យចំពោះការរំខាន និងសូមអនុវត្តការធ្វើដំណើរតាមការណែនាំខាងលើដោយអនុគ្រោះ»៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត





