ទីក្រុងធានជីង ប្រទេសចិន – នារសៀលថ្ងៃចន្ទ ៩ កើត ខែភទ្របទ ឆ្នាំម្សាញ់ សំរឹទ្ធិស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ ក្នុងអំឡុងទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក (Boao Forum for Asia) នៅទីក្រុងធានជីង គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានអមដំណើរនាយករដ្ឋមន្ត្រីក្នុងឱកាសនេះ។
អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងឱ្យ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ចក្រុមហ៊ុន អាន គ្រុប (Ant Group) ដើម្បីពិភាក្សាអំពីវិស័យហិរញ្ញវត្ថុឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក និងដំណោះស្រាយបច្ចេកវិទ្យា។
គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់អំពីការគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម តាមរយៈវេទិកាបច្ចេកវិទ្យាឌីជីថល ព្រមទាំងដកស្រង់បទពិសោធន៍ពីដំណើរវិវត្តន៍សេដ្ឋកិច្ចឌីជីថល។
ក្រុមហ៊ុន អាន គ្រុប (Ant Group) គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខរបស់ប្រទេសចិន ដែលស្ថិតក្នុងសម្ព័ន្ធនៃក្រុមហ៊ុន អាលីបាបា គ្រុប (Alibaba Group)។ ក្រុមហ៊ុននេះផ្តល់សេវាកម្មហិរញ្ញវត្ថុឌីជីថល និងសេវាជីវិតឌីជីថលតាមរយៈកម្មវិធី Alipay ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ និងជាវេទិកាទូទាត់ឌីជីថលឈានមុខគេនៅលើពិភពលោក។ Alipay ផ្តល់ជូនសេវាកម្មជាច្រើន រួមមាន ការទូទាត់ឌីជីថល សេវាហិរញ្ញវត្ថុសម្រាប់អតិថិជន ការគ្រប់គ្រងទ្រព្យសម្បត្តិ ធានារ៉ាប់រង និងដំណោះស្រាយឥណទាន ដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក។
ដោយ៖ KPS99TV















