សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញនិវត្តន៍មកដល់ទីក្រុងភ្នំពេញនាយប់រំលងអធ្រាត្រថ្ងៃទី០២កញ្ញានេះ បន្ទាប់ពីបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូករយៈពេល៣ថ្ងៃពីថ្ងៃទី៣០សីហាដល់ថ្ងៃទី០១កញ្ញា នៅទីក្រុងធានជីន ប្រទេសចិន។ តើបេសកកម្មរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ទទួលបានបានជោគជ័យក្នុងក្របខ័ណ្ឌនយោបាយ ការទូត និងសេដ្ឋកិច្ចអ្វីខ្លះ?
ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក(SCO)
ការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាគាំទ្រគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល (GGI) របស់ចិន ដែលមានគោលបំណងពង្រឹងសណ្តាប់ធ្នាប់សកលមួយដែលមានអង្គការសហប្រជាជាតិជាស្នូលប្រកបដោយយុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដោយឈរលើមូលដ្ឋាននៃសមភាពអធិបតេយ្យ នីតិរដ្ឋ ពហុភាគីនិយម ការយកប្រជាជនជាធំ និងលទ្ធផលជាក់ស្តែង។
សម្តេចធិបតីបន្ថែមថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយដៃគូទាំងអស់ ដើម្បីជំរុញគោលការណ៍ទាំងនេះ និងកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។ កម្ពុជាសម្លឹងឃើញ SCO ជាវេទិកាពហុភាគីគន្លឹះ ដោយមាន«ស្មារតីសៀងហៃ» ជាមគ្គុទេសហ៍ក្នុងការពង្រឹងសណ្តាប់ធ្នាប់ពិភពលោកថ្មី ដែលផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការ ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីទៅវិញទៅមក ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋនីមួយៗ និងការផ្តល់តម្លៃខ្ពស់ដល់ភាពចម្រុះ។
សម្តេចធិបតី បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ SCO ដើម្បីការពារសន្តិសុខតំបន់ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើតអនាគតមួយប្រកបដោយសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការសម្រាប់យើងទាំងអស់គ្នា។
ក្នុងក្របខ័ណ្ឌនយោបាយ និងការទូត
សម្តេចធិបតីមានជំនួបទ្វេភាគីជាមួយឯកឧត្តមប្រធានាធិបតីចិន៖ ក្នុងនោះ មហាមិត្តចិន បានប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌទ្វេភាគីសំខាន់ៗរួមមាន កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ច្រករបៀងមច្ឆា និងអង្ករ និងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ព្រមទាំងគាំទ្របទឈប់បាញ់ ការគាំទ្រយន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ឱ្យបានឆាប់។ លើសពីនេះ មហាមិត្តចិន បានគាំទ្រនិងផ្តល់ជំនួយមនុស្សធម៌ចំនួន២០លានយ័នដល់កម្ពុជា ដើម្បីជួយស្តារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធកាលពីចុងខែកក្កដា។
សម្តេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា។ សម្តេចធិបតី ចាត់ទុកការគាំទ្ររបស់មហាមិត្តចិន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។ សម្តេចថ្លែងអំណរគុណមហាមិត្តចិនក្នុងការចូលរួមសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃបានយ៉ាងឆាប់រហ័ស ដែលជាជំហានឈានទៅរកការពារអាយុជីវិតប្រជាពលរដ្ឋ និងជួយស្តារជីវភាពរបស់ប្រជាជនដែលរងផលប៉ះពាល់។
ជំនួបទ្វេភាគីជាមួយប្រធានាធិបតីឡាវ៖ ថ្នាក់ដឹកនាំទាំងពីរ បានបញ្ជាក់ជាថ្មីចំពោះការបន្តពូនជ្រំទំនាក់ទំនងជាប្រពៃណី និងជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវឱ្យកាន់តែរឹងមាំបន្ថែមទៀតលើវិស័យសំខាន់ៗរួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងថាមពលជាដើម។ លើសពីនេះ ថ្នាក់ដឹកនាំទាំងពីរ បានបញ្ជាក់ពីភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ បន្ថែមពីនេះ ឯកឧត្តមប្រធានាធិបតីឡាវ បានជំរុញឱ្យកម្ពុជា-ថៃរក្សានូវភាពអត់ធ្មត់ខ្ពស់ និងអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ព្រមទាំងជំរុញឱ្យភាគីទាំងពីរដោះស្រាយទំនាស់ព្រំដែនដោយសន្តិវិធី។
ជំនួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីនេប៉ាល់៖ ប្រមុខរដ្ឋាភិបាលទាំងពីរ បានប្តេជ្ញាជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ពិសេសការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច។ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលយន្តការនេះ នឹងជួយពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើវិស័យជាច្រើនដូចជា៖ ពាណិជ្ជកម្ម អប់រំ បណ្តុះបណ្តាល និងទេសចរណ៍ជាដើម។
ជំនួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ៖ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ថា កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការជាច្រើន ក្នុងនាមជាសមាជិកនៃអង្គការពិភពលោក។ ពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តមបញ្ជាក់ថា ចំពោះឯកឧត្តមផ្ទាល់បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ។ ឯកឧត្តម បានស្វាគមន៍បទឈប់បាញ់រវាងកម្ពុជា-ថៃ និងបន្តជំរុញឱ្យស្ថានការណ៍នៃទំនាក់ទំនងប្រទេសទាំងពីរអាចវិលត្រឡប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខ។ ឯកឧត្តម បានទទួលយកសំណើរក្នុងការជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធា ដែលដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
ជំនួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន៖ ពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ បើតាមឯកឧត្តមប្រធានសភា បញ្ជាក់ថា ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកម្ពុជា-ថៃ ក៏ដូចជាគាំទ្រដល់តួនាទីរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួលបទឈប់បាញ់ និងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខ។ ទន្ទឹមគ្នានេះ សម្តេចធិបតី បានស្នើមហាមិត្តចិនជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេចដោយសន្តិវិធី ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។
ក្នុងក្របខ័ណ្ឌរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៖ សម្តេចធិបតីបានអនុញ្ញាតជូនឯកឧត្តម Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ចូលជួបពិភាក្សាការងារដាច់ដោយឡែក ដោយផ្តោតសំខាន់លើលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គមធំៗរបស់កម្ពុជា ដែលអាចប្រើប្រាស់ហិរញ្ញប្បទាន ក្រោមកម្មវិធីពហុឆ្នាំរបស់ធនាគារ AIIB៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត



