ក្រសួងសុខាភិបាល រកឃើញឡេលាបខ្លួន និងឡេលាបមុខរបស់ Loveriya ចំនួន២មុខ មានផ្ទុកបារតលើសស្តង់ដារ អាចបង្កជាមហារីកស្បែក និងប៉ះពាល់ប្រព័ន្ធប្រសាទ និងផលិតផលគ្រឿងសម្អាងចំនួន ៣មុខដែលគ្មាន លេខបញ្ញិកា ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាល។ នេះបើយោងតាមក្រសួងសុខាភិបាល ចុះនៅថ្ងៃទី៣ ខែកញ្ញានេះ។
បន្ទាប់ពីធ្វើសំណាកផលិតផលបំប៉នសុខភាព ចំនួន ២មុខ និងផលិតផលគ្រឿងសម្អាង ឡាហ្វ រីយ៉ា ចំនួន ១២មុខ របស់បុគ្គល ឆេង ស្រីរ័ត្ន មកវិភាគគុណភាព នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដែលក្នុងចំណោមនោះ មានផលិតផលបំប៉នសុខភាពចំនួន ២មុខ និងផលិតផលគ្រឿងសម្អាងចំនួន ៣មុខ ដែលគ្មាន លេខបញ្ញិកា ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាល។
យោងតាមលទ្ធផលវិភាគគុណភាពរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានបង្ហាញថា៖
1. ផលិតផលបំប៉នសុខភាពឈ្មោះ LOVE RIYA ថ្នាំលេបបាត់ជាំ ដែលគ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល មានលួចដាក់សារធាតុសកម្មឱសថ Tranexamic Acid។ សារធាតុឱសថ Tranexamic Acid ត្រូវបានគេប្រើប្រាស់ សម្រាប់ការឃាត់ឈាមក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិត ឬគ្រូពេទ្យ។
2. គ្រឿងសម្អាងចំនួន ២មុខ គ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាលឈ្មោះ Loveriya Double White Body Lotion និង Loveriya ម្សៅលាបមុខព្យាបាលមុនសាច់ មុនអង្កាម មុនខ្ទុះ មុនផ្កាស្បូន ស្នាមជាំ មានផ្ទុកសារធាតុ គីមី Salicylic Acid និងបារត (Mercury) លើសកម្រិតស្ដង់ដា ដែលបានកំណត់ក្នុងមគ្គទេសក៍ គ្រឿងសម្អាងអាស៊ាន។
សារធាតុគីមី Salicylic Acid លើសកម្រិតស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជាស្បែកស្ងួត រលាកស្បែក និងប្រតិកម្មអាល់ឡែស៊ីស្បែក។ សារធាតុគីមី បារត (Mercury) លើស កម្រិតស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជាខ្សោយតម្រងនោម មហារីកស្បែក និងប៉ះពាល់ប្រព័ន្ធប្រសាទ។
ចំពោះបញ្ហានេះ ក្រសួងសុខាភិបាល បានជម្រុញឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការទិញ និងប្រើប្រាស់ ផលិតផលទាំង ៣មុខនេះជាបន្ទាន់។ ទន្ទឹមនេះដែរ សូមសាធារណជនទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ ផលិតផលបំប៉នសុខភាពគ្មានលេខបញ្ញិកា និងគ្រឿងសម្អាងគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ដើម្បីចៀសវាង ការខាតបង់ប្រាក់ និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិត ដោយផលិតផលទាំងនេះ ពុំធានាបាន នូវគុណភាព សុវត្ថិភាព ស្របតាមបទដ្ឋានបច្ចេកទេសឡើយ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ





