跳至正文
西哈努克省电视台 · 官方网站
登录

ប្រធានាធិបតីហ្វីលីពីនគ្រោងមកជួបថ្នាក់ដឹកនាំកំពូលកម្ពុជានៅក្រុងភ្នំពេញ

历史原文 · 暂无当前语言译文

摘要

ប្រធានាធិបតីហ្វីលីពីន និងលោកជំទាវ នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកញ្ញា។ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ជាប្រធានាធិបតីទី១៧ របស់ហ្វីលីពីន ដែលធ្វើដំណើរមកកម្ពុជានាពេលនេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសនិងប្រជាជនទាំងពីរ។ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីទី១៧ របស់ហ្វីលីព

ប្រធានាធិបតីហ្វីលីពីន និងលោកជំទាវ នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកញ្ញា។ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ជាប្រធានាធិបតីទី១៧ របស់ហ្វីលីពីន ដែលធ្វើដំណើរមកកម្ពុជានាពេលនេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសនិងប្រជាជនទាំងពីរ។

ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីទី១៧ របស់ហ្វីលីពីន ធ្វើឡើងដោយតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមគ្នានេះ ឯកឧត្តមប្រធានាធិបតីទី១៧ហ្វីលីពីន នឹងអញ្ជើញជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នាទីក្រុងភ្នំពេញ។

បើតាមក្រសួងការបរទេសកម្ពុជា ឯកឧត្តមប្រធានាធិបតីហ្វីលីពីន និងថ្នាក់ដឹកនាំកម្ពុជាទាំងពីររូប នឹងធ្វើការពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងដ៏កក់ក្ដៅនិងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។

ភាគីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាចំណាប់អារម្មណ៍រួម។ ឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន ក៏នឹងត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចនេះផងដែរ។

ឯកឧត្តមប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត


评论

正在加载评论…