ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់មន្ទីរកសិកម្ម និង ខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ចាម ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ចំពោះជនល្មើស បំផ្លាញព្រៃលិចទឹកនៅគ្រប់ទីកន្លែង និងកិច្ចការពារកន្លែងអភិរក្សជលផល ដោយបន្តការ បង្ក្រាបបទល្មើសជលផលជាប្រចាំ និងត្រូវចាត់វិធានការ ផ្តោតសំខាន់ ទៅលើបទល្មើសដែលបំផ្លិចបំផ្លាញខ្លាំង ដូចជាឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង និងការប្រើ សារធាតុពុល ដើម្បីចាប់ត្រីជាដើម។
ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានលើកឡើងដូចនេះក្នុងពិធីលែងកូនត្រី និងកូនបង្កង ជិត១០ម៉ឺនក្បាល នៅតំបន់បឹងធំ ស្ថិតក្នុងភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៥។ ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់អាជ្ញា ធរពាក់ព័ន្ធ និងសហគមន៍នេសាទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ សូមចូលរួមថែរក្សាការពារ និង ជំរុញការអភិវឌ្ឍន៍ និងថែរក្សាការពារ អភិរក្សលើវិស័យជលផលឱ្យមានចីរភាព ជាពិសេសត្រូវជំរុញការអភិវឌ្ឍន៍មច្ឆាជាតិក្នុងខេត្តកំពង់ចាម ឱ្យបានល្អប្រសើរ ក្រោមពាក្យស្លោក «ទាំងអស់គ្នា ដើម្បីត្រី ត្រីដើម្បីទាំងអស់គ្នា»។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា កូនត្រី និងកូន បង្កង ប្រមាណជិត១០ ម៉ឺនក្បាល ដែលយើងរួមគ្នាប្រលែងនាពេលនេះ គឺមានអត្ថន័យ និង សារៈសំខាន់បំផុត សម្រាប់បំផុសស្មារតី ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ឱ្យចូលរួម យ៉ាងសកម្ម ក្នុងសកម្មភាព ថែរក្សា ការពារ អភិរក្ស និងបង្កើន ធនធានជលផល ក្នុងបឹងធម្មជាតិ ឱ្យកាន់តែសំបូរឡើងថែមទៀត សម្រាប់ប្រជាពលរដ្ឋយើងប្រើប្រាស់កាត់បន្ថយភាពក្រីក្រ និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

