跳至正文
西哈努克省电视台 · 官方网站
登录

កម្មករនិយោជិតត្រូវបានឈប់សម្រាក៣ថ្ងៃដោយមានប្រាក់ឈ្នួលពេលបុណ្យភ្ជុំ

历史原文 · 暂无当前语言译文

ក្រសួងការងារ បានណែនាំម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុនអនុញ្ញាតឱ្យកម្មករនិយោជិតរបស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល០៣ថ្ងៃនាអំឡុងបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែកញ្ញា។ បន្ថែមពីនេះ ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រត្រូវសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួលខែកញ្ញជូនកម្មករនិយោជិតឱ្យបានមុនថ្ងៃឈប់សម្រាប់បុណ្យភ្ជុំបិណ្ឌ។ 

ការណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី០៨ ខែកញ្ញា ដោយយោងតាមច្បាប់ ស្តីពីការងារ និងប្រកាសចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៥។

«ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលត្រូវបានចុះទិដ្ឋាការដោយអធិការការងារ ឬអនុញ្ញាតរួមដែលត្រូវបានចុះបញ្ជីនៅក្រសួង ការឈប់សម្រាករបស់កម្មករនិយោជិត អាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសខាងលើ»។ នេះបើតាមក្រសួងការងារបញ្ជាក់បន្ថែម។

បើតាមក្រសួងការងារ ចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យ នៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃឈប់សម្រាកបុណ្យដោយផ្លាស់ប្តូរវេនគ្នា។

ក្រសួងការងារ បញ្ជាក់បន្ថែមថា ប្រសិនបើការផ្លាស់ប្តូរវេនគ្នានេះ មិនអាចគាំទ្រដល់ដំណើរការអាជីវកម្មរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ម្ចាស់ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រនិងតំណាងកម្មករនិយោជិត អាចពិភាក្សា និងព្រមព្រៀងគ្នាឱ្យកម្មករនិយោជិតទាំងអស់នៅធ្វើការនៅថ្ងៃឈប់សម្រាកបុណ្យនេះ ដោយត្រូវរៀបចំឱ្យមានការឈប់សម្រាកជំនួសនៅពេលណាមួយផ្សេងទៀតបាន។

មិនតែប៉ុណ្ណោះ ក្រសួងការងារ បានឱ្យដឹងទៀតថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ដែលត្រូវបានផ្លាស់ប្តូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។

បើតាមក្រសួងការងារ ក្នុងករណីដែលកម្មករនិយោជិតមិនទទួលបានការឈប់សម្រាកដោយមានប្រាក់ឈ្នួលត្រឹមត្រូវ សូមផ្តល់ព័ត៌មានមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធទាន់ហេតុការណ៍លេខ ១២៨៦ ឬតាមរយៈប្រអប់បណ្តឹងអនាមិក (https://feedback.mlvt.gov.kh/feedback) ដើម្បីក្រសួងចាត់វិធានការតាមច្បាប់ជាធរមាន៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…