跳至正文
西哈努克省电视台 · 官方网站
登录

កាកបាទក្រហមអន្តរជាតិ៖ កងទ័ពកម្ពុជា១៨នាក់ ដែលថៃចាប់ទៅ គឺមានសុវត្ថិភាព និងមានសុខភាពល្អ

历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ លោក Jurg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានឱ្យដឹងគូសបញ្ជាក់ថា ទាហានកម្ពុជាទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។

នាឱកាស ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអនុញ្ញាតទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jurg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។

ជាមួយគ្នានេះលោក Jurg Montani បានចែករំលែកព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី២នាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ គឺក្រោយបទឈប់បាញ់ចូលជាធរមាន។ ចំពោះការចុះសួរសុខទុក្ខលើកទី២ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) នោះ បានទទួលព័ត៌មានថា ទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។

លោក Jurg Montani បានបញ្ជាក់ដែរថា ក្រុមការងារគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានប្រគល់សារដំណឹងគ្រួសារ ដែលកាកបាទក្រហមកម្ពុជាទទួលបានពីភរិយា បងប្អូន និងកូនៗរបស់ពួកគាត់ទាំង១៨នាក់ ហើយពួកគាត់ទាំង១៨នាក់ក៏បានសរសេរសារតបត្រឡប់មកវិញ ដោយស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។ លោកមានប្រសាសន៍សង្កត់ធ្ងន់ថា «សារដំណឹងគ្រួសារនេះ មិនមាននរណាម្នាក់ដឹងពីខ្លឹមសារនៅក្នុងលិខិតក្រៅពីសាមីខ្លួន និងក្រុមគ្រួសារតែប៉ុណ្ណោះ សូម្បីតែមន្ត្រីបុគ្គលិករបស់កាកបាទក្រហមកម្ពុជា ក៏មិនអាចដឹងបានដែរ ព្រោះនេះជាការសម្ងាត់។ ដោយឡែកពាក់ព័ន្ធជាមួយរូបភាពវីរយុទ្ធជន គឺយើងមិនអាចបញ្ចេញរូបភាពបានទេ គឺស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ»។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការយ៉ាងសក្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃដោះលែងកងកម្លាំងរបស់កម្ពុជាទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…