跳至正文
西哈努克省电视台 · 官方网站
登录

ទំនិញកម្ពុជា៨មុខបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រខណៈ៣មុខទៀតកំពុងរៀបចំនីតិវិធីចុះតាមក្រោយ

历史原文 · 暂无当前语言译文

បច្ចុប្បន្នទំនិញរបស់កម្ពុជាចំនួន ០៨មុខ ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ខណៈក្រសួងពាណិជ្ជកម្មកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូរ រៀបចំនីតិវិធីចុះបញ្ជីទំនិញកម្ពុជាចំនួន ៣មុខទៀត ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញតាមក្រោយ។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “កម្មសិទិ្ធបញ្ញា៖ ទិដ្ឋភាពទូទៅ អត្ថប្រយោជន៍ ការការពារទ្រព្យកម្មសិទ្ធិបញ្ញា និងនីតិវិធីនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ នាយកដ្ឋានកម្មសិទ្ធិបញ្ញា និងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប កាលពីថ្ងៃទី០៩ ខែកញ្ញា ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា បច្ចុប្បន្ន ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់កម្ពុជាមានចំនួន ៨ម៉ាក។

បើតាមឯកឧត្តម វ៉េង សុធី បានគូសបញ្ជាក់ថា ទំនិញកម្ពុជាទាំង៨មុខនោះ រួមមាន៖ ម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ, ក្រូចថ្លុងកោះទ្រង់, ទឹកឃ្មុំព្រៃមណ្ឌលគិរី, អំបិលកំពតកែប, ទឹកត្រីកំពតកែប, បង្កងតាកែវ និងប្រហុកសៀមរាប។ ទាំងនេះ បានផ្តល់ឱ្យកសិករនូវការបណ្តុះបណ្តាលផ្នែកគ្រប់គ្រង បច្ចេកទេសវេចខ្ចប់ នវានុវត្តន៍ផលិតផល និងប្រព័ន្ធត្រួតពិនិត្យ ដែលធ្វើឱ្យផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញទទួលតម្លៃបន្ថែម និងមានតម្រូវការទីផ្សារខ្ពស់ ដែលបានចូលរួមចំណែកក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់កសិករខ្នាតតូច និងមធ្យមជាច្រើន។

ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា ចាប់តាំងពីការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ នៅឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ឃើញថា កសិករផលិតផ្ទៃដីដាំដុះម្រេច ចំនួនដើមត្នោត និងក្រុមហ៊ុនកែច្នៃវេចខ្ចប់មានការកើនឡើងគួរឱ្យកត់សម្គាល់ និងមានតម្រូវការទីផ្សារក្នុងស្រុកខ្ពស់ ព្រមទាំងបាននាំចេញទៅកាន់បណ្តាប្រទេសនានាជាច្រើន។

លើសពីនេះ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ បានឱ្យដឹងថា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងអំបិលកំពតកែប បានចុះបញ្ជីការពារនៅអន្តរជាតិ និងអំបិលកំពតកែប ដែលកំពុងបន្តនីតិវិធីចុះបញ្ជីនៅសហភាពអឺរ៉ុប បានទប់ស្កាត់ការក្លែងបន្លំ និងកសាងកេរ្តិ៍ឈ្មោះផលិតផលកម្ពុជានៅអន្តរជាតិឱ្យមានភាពល្បីល្បាញក្លាយជាគោលដៅទេសចរណ៍។

ឯកឧត្តមបន្តថា បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម បាននិងកំពុងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ FAO ដើម្បីរៀបចំកសាងកេរ្តិ៍ឈ្មោះ និងចុះបញ្ជី “ស្វាយចន្ទីកំពង់ធំ” និង “ស្វាយកែវរមៀតឧត្តរមានជ័យ” ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រោមគម្រោងភាពជាដៃគូររវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់នៅខាងជើងបឹងទន្លេសាប (គម្រោង គជ់ ឬ Pearl) និងគំនិតផ្តួចផ្តើមប្រទេសមួយផលិតផលអាទិភាពមួយ (OCOP)។

បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម ក៏បានកំពុងសហការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដើម្បីរៀបចំកសាងកេរ្តិ៍ឈ្មោះ និងចុះបញ្ជី “ក្តាមថ្មកោះកុង” ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…