跳至正文
西哈努克省电视台 · 官方网站
登录

ហ្វីលីពីនស្វាគមន៍ផលិតផលកម្ពុជាចូលទីផ្សារខ្លួន!

历史原文 · 暂无当前语言译文

រដ្ឋមន្រ្តីក្រសួងកសិកម្មហ្វីលីពីន អះអាងថា ហ្វីលីពីនត្រៀមស្វាគមន៍ផលិតផលកម្ពុជាចូលក្នុងទីផ្សារហ្វីលីពីន សំដៅបង្កើនការធ្វើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិក្នុងវិស័យកសិកម្ម។ ការអះអាងរបស់ឯកឧត្តម Francisco P.Tiu Laurel, Jr. រដ្ឋមន្រ្តីក្រសួងកសិកម្មហ្វីលីពីន ធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៩ ខែកញ្ញា។

ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា បានស្វាគមន៍កិច្ចសហប្រតិបត្តិការការបើកទីផ្សារផលិតផលកសិកម្ម ការធានាសន្តិសុខស្បៀង និងការជំរុញកសិ-ពាណិជ្ជកម្មរវាងកម្ពុជា-ហ្វីលីពីន។ ឯកឧត្តមមានសុទិដ្ឋនិយមខ្ពស់ក្នុងការជំរុញការងារនាំចេញកសិផលកម្ពុជា ដោយគូសបញ្ជាក់ថា កម្ពុជាមានកសិផលប្រណិតជាច្រើន ពិសេសស្រូវអង្ករក្រអូបដែលមានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់។

ជុំវិញនឹងការលើកឡើងរបស់ឯកឧត្តម ឌិត ទីណា, ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មហ្វីលីពីន បានឆ្លើយតបឯកភាពដោយលើកឡើងពីតម្រូវការផលិតផលពីកម្ពុជា ដើម្បីឆ្លើយតបនឹងកំណើនប្រជាជនហ្វីលីពីន ក្នុងនោះមានដូចជា៖ អង្ករ ត្រី សាច់ និងបន្លែជាច្រើន។

ក្នុងគោលដៅជំរុញទីផ្សារនាំចេញផលិតផលកសិកម្ម ពិសេសអង្ករកម្ពុជាទៅប្រទេសហ្វីលីពីន សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) បានបង្ហាញទិន្នន័យរយៈពេល ៨ខែនៃឆ្នាំ២០២៥ ដែលកម្ពុជាលក់អង្ករឱ្យប្រទេស/ដែនដីចំនួន៦៦ ក្នុងបរិមាណជាង ៤៧ម៉ឺនតោន កើនឡើងជិត ១៥% ទទួលបានប្រាក់ ៣៤៨,១៨ លានដុល្លារអាម៉េរិក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្រៅពីនេះ កម្ពុជាក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងក្នុងបរិមាណជាង ៤,៨លានតោន ស្មើនឹងប្រាក់ ១១៤,២៥ លានដុល្លារអាមេរិក។ ចំពោះប្រភេទអង្ករនាំចេញរួមមាន អង្ករក្រអូបគ្រប់ប្រភេទ ៨៧%, អង្ករសគ្រាប់វែង ៩,៧២%, អង្ករចំហ៊ុយ ១%, អង្ករសរីរាង្គ ១,៨៣% និងអង្ករផ្សេងៗចំនួន ០,៤៥%៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…