រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងសរុបចំនួន ៥៩៧គ្រឿងសម្រាប់ដឹកជញ្ជូលប្រជាពលរដ្ឋទាំងអស់ទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារដោយឥតគិតថ្លៃរយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៥ ខែកញ្ញា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងន័យនេះ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ពលរដ្ឋ រដ្ឋបាលក្រុងភ្នំពេញ បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់កុំឱ្យតំឡើងថ្លៃផងដែរ។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ រថយន្តក្រុងទាំងនេះ មាន១០០គ្រឿងត្រៀមសម្រាប់ដឹកជញ្ជូនពលរដ្ឋប្រចាំថ្ងៃក្នុងក្រុងភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORTEXPRESS BUS)។ ចំណែករថយន្តក្រុង ៤៩៧គ្រឿងទៀត ត្រៀមដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅលេងស្រុកកំណើត និងការវិលត្រឡប់មកវិញ។
ចំពោះខ្សែរត់ធំៗសម្រាប់ការធ្វើដំណើររបស់រថយន្តក្រុងមានចំនួន ៧គោលដៅ។ ក្នុងនោះ រដ្ឋបាលក្រុងភ្នំពេញ បានបង្ហាញពីទីតាំងទាំង៧ និងម៉ោងចេញដំណើរសម្រាប់ប្រជាពលរដ្ឋ ដែលចាប់ផ្តើមពីម៉ោង ០៦និង៣០នាទីព្រឹកដល់ម៉ោង១១និង៣០នាទីព្រឹកនៅតាមគ្រប់គោលដៅទាំងអស់។
គោលដៅទី១៖ មានរថយន្តក្រុងសរុបចំនួន ១៥គ្រឿង ចេញដំណើរពីភ្នំពេញទៅខេត្តព្រៃវែង និងពីព្រៃវែងមកភ្នំពេញវិញប្រើប្រាស់រថយន្ត០៥គ្រឿង និងពីភ្នំពេញទៅខេត្តស្វាយរៀង ពីស្វាយរៀងមកភ្នំពេញវិញប្រើប្រាស់រថយន្ត ១៥គ្រឿង ចាប់ផ្តើមចេញដំណើរនៅស្ថានីយរថយន្តក្រុងវាលស្បូវ ផ្លូវជាតិលេខ១ ច្រកចូលបុរីតារាសំណាងទៅចុះនៅចំណតទីរួមខេត្តព្រៃវែងនិងខេត្តស្វាយរៀង។
គោលដៅទី២៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៣គ្រឿង ចេញដំណើរពីភ្នំពេញទៅខេត្តកណ្តាល ខេត្តតាកែវ និងពីខេត្តតាកែវ ខេត្តកណ្តាល មកភ្នំពេញវិញ ចាប់ផ្តើមចេញដំណើរពីស្ថានីយរថយន្តក្រុងចាក់អង្រែលើទៅចុះនៅចំណតរង្វង់មូលអូរចំបក់។
គោលដៅទី៣៖ មានរថយន្តក្រុងសរុបចំនួន ៣៧គ្រឿង ចេញដំណើរពីគោលដៅស្ថានីរថយន្តក្រុងផ្លូវ ២០០៤ (ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស) ដែលចាប់ផ្តើមពីភ្នំពេញទៅខេត្តកែប និងពីកែបមកភ្នំពេញវិញប្រើប្រាស់រថយន្ត៩គ្រឿងទៅឈប់ចុះនៅសាលាបឋមសិក្សាដំណាក់ចង្អើរ, ពីភ្នំពេញទៅខេត្តកំពត និងពីកំពតមកភ្នំពេញវិញប្រើប្រាស់រថយន្ត០៩គ្រឿងទៅចុះនៅចំណតរថយន្តទីរួមខេត្តកំពត, ពីភ្នំពេញទៅខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺមកភ្នំពេញវិញប្រើប្រាស់រថយន្ត ១៤គ្រឿងទៅចុះនៅវិមានឯករាជ្យ ខេត្តព្រះសីហនុ និងពីភ្នំពេញទៅខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងពីខេត្តកោះកុង ខេត្តកំពង់ស្ពឺមកភ្នំពេញវិញ ប្រើប្រាស់រថយន្ត០៥គ្រឿងត្រូវចុះនៅសាលាខេត្តកោះកុង។
គោលដៅទី៤៖ មានរថយន្តក្រុងសរុបចំនួន ៣០គ្រឿង ចេញដំណើរពីគោលដៅស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ ដែលចាប់ផ្តើមចេញពីភ្នំពេញទៅខេត្តកំពង់ឆ្នាំង និងពីខេត្តកំពង់ឆ្នាំមកភ្នំពេញវិញប្រើប្រាស់រថយន្ត១០គ្រឿងទៅចុះនៅចំណតរថយន្តផ្សារលើ។ ចំណែក ពីភ្នំពេញទៅខេត្តពោធិ៍សាត់ និងពីពោធិ៍សាត់មកភ្នំពេញវិញប្រើប្រាស់រថយន្ត ២០គ្រឿងត្រូវចុះនៅទីតាំងបុរីឧកញ៉ា ភូ ពុយ។
គោលដៅទី៥៖ មានរថយន្តក្រុងសរុបចំនួន ១៦០គ្រឿង ចេញដំណើរពីគោលដៅស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ ដែលចាប់ផ្តើមពីភ្នំពេញទៅខេត្តបាត់ដំបង និងពីបាត់ដំបងមកភ្នំពេញវិញប្រើប្រាស់រថយន្ត៧៥គ្រឿងទៅចុះនៅចំណតរថយន្តផ្សារទំនើបភូ ពុយ។ ចំណែក ពីភ្នំពេញទៅខេត្តបន្ទាយមានជ័យ និងពីបន្ទាយមានជ័យមកភ្នំពេញវិញប្រើប្រាស់រថយន្ត ៦៥គ្រឿងត្រូវចុះនៅចំណតរថយន្តក្រុងសេរីសោភ័ណ្ឌ។ ដោយឡែក ពីភ្នំពេញទៅប៉ៃលិន និងពីប៉ៃលិនមកភ្នំពេញវិញប្រើប្រាស់រថយន្ត ២០គ្រឿងទៅចុះនៅសាលាខេត្តប៉ៃលិន។
គោលដៅទី៦៖ មានរថយន្តក្រុងសរុបចំនួន ១៦២គ្រឿង ចេញដំណើរពីគោលដៅដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលពេទមច្ឆា) ដែលចាប់ផ្តើមពីភ្នំពេញទៅខេត្តកំពង់ធំ និងពីកំពង់ធំមកភ្នំពេញវិញប្រើប្រាស់រថយន្ត ១៥គ្រឿងទៅចុះនៅចំណតរថយន្តខេត្តកំពង់ធំ នៅវិថីប្រជាធិបតេយ្យ ខាងកើតវិមានឯករាជ្យ (ក្រោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។ ពីភ្នំពេញទៅខេត្តសៀមរាប និងពីសៀមរាបមកភ្នំពេញវិញប្រើប្រាស់រថយន្ត ១១២គ្រឿងទៅចុះនៅបុរីរដ្ឋបាលខេត្តសៀមរាប ស្ថិតនៅវិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ ៦០ម៉ែត្រ)។ ពីភ្នំពេញទៅខេត្តឧត្តរមានជ័យ និងពីឧត្តរមានជ័យមកភ្នំពេញវិញប្រើប្រាស់រថយន្ត ១៥គ្រឿងត្រូវចុះនៅមុខវេទិកាបុណ្យអុំទូក ខេត្តឧត្តរមានជ័យ និងពីភ្នំពេញទៅខេត្តព្រះវិហារ និងពីព្រះវិហារមកភ្នំពេញវិញ ប្រើប្រាសរថយន្ត ១០គ្រឿងទៅចុះនៅសាលាក្រុងព្រះវិហារ។
គោលដៅទី៧៖ មានរថយន្តក្រុងសរុបចំនួន ៩៥គ្រឿង ចេញដំណើពីគោលដៅស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ដែលចាប់ផ្តើមពីភ្នំពេញទៅខេត្តកំពង់ចាម និងពីកំពង់ចាមមកភ្នំពេញវិញប្រើប្រាស់រថយន្ត ១៨គ្រឿងទៅចុះនៅចំណតរថយន្តខេត្តកំពង់ចាម។ ពីភ្នំពេញទៅខេត្តត្បូងឃ្មុំ និងពីត្បូងឃ្មុំមកភ្នំពេញវិញប្រើប្រាស់រថយន្ត ១២គ្រឿងទៅចុះនៅចំណតផ្សារសួង។ ពីភ្នំពេញទៅខេត្តក្រចេះ និងពីក្រចេះមកភ្នំពេញវិញប្រើប្រាស់រថយន្ត ២៥គ្រឿងត្រូវទៅចុះនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត (រង្វង់មូលព្រាប ស)។ ពីភ្នំពេញទៅខេត្តស្ទឹងត្រែង និងពីស្ទឹងត្រែងមកភ្នំពេញវិញប្រើប្រាស់រថយន្ត ២០គ្រឿងទៅចុះនៅសាលាខេត្តស្ទឹងត្រែង។ ពីភ្នំពេញទៅមណ្ឌលគិរី និងពីមណ្ឌលគិរីមកភ្នំពេញវិញ ប្រើប្រាស់រថយន្ត ១០គ្រឿងទៅចុះនៅរង្វង់មូលគោព្រៃ និងពីភ្នំពេញទៅរតនគិរី និងពីរតនគិរីមកភ្នំពេញវិញ ប្រើប្រាស់រថយន្ត ១០គ្រឿងត្រូវទៅចុះនៅចំណតរថយន្តតាយសេង៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត







