រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល អះអាងថា កម្ពុជារំពឹងបានចំណូលពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដល់ ១.១ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ការអះអាងរបស់លោកជំទាវ ចម និម្មល ធ្វើឡើងក្នុងពិធីបើក «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២» នៅថ្ងៃទី១២ ខែកញ្ញានេះ។
លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លើកឡើងថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក បានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងបង្កើតនូវការកែច្នៃ និងជាវេទិកាសម្រាប់តភ្ជាប់កម្ពុជាជាមួយទីផ្សារពិភពលោក។
លោកជំទាវ បានគូសបញ្ជាក់ដូច្នេះ៖ «វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា បានបង្ហាញពីភាពធន់ និងភាពប៉ិនប្រសប់របស់ប្រជាជនកម្ពុជា ដោយតាមការព្យាករណ៍នៅចុងឆ្នាំនេះ ចំណូលពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករំពឹងថានឹងឈានដល់ ១.១ពាន់លានដុល្លារសហរដ្ឋអាមេរិក និងនៅឆ្នាំ២០២៩ នឹងឈានដល់ ១.៨ពាន់លានដុល្លារសហរដ្ឋអាមេរិក»។
តួលេខនេះ ឆ្លុះបញ្ចាំងពីភាពរស់រវើកនៃវិស័យ ដែលពាក់ព័ន្ធ គ្រប់ទិដ្ឋភាពនៃសង្គម និងគ្រប់ទិដ្ឋភាពរបស់កសិករតាមជនបទ ដែលលក់ផលិតផលតាមអ៊ិនធើណិតទៅអាជីវកម្មដែលបានចូលទៅកាន់ទីផ្សារពិភពលោក ខណៈទីផ្សារឌីជីថលនៅកម្ពុជា មានការរីកចម្រើនខ្លាំង ដោយមានសេវាកម្ម ដូចជា foodpanda, NHAM24, Grab, E-gets, WowNow, និង L192 ដែលមានផ្តល់ជូននូវផលិតផលប្រើប្រាស់ អាហារ និងសម្លៀកបំពាក់ និងការបញ្ជាកក់សេវាដឹកជញ្ជូន៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត














