គម្រោងវិនិយោគចំនួន៥ បានដាក់សំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលគ្រោងបោះទីតាំងនៅខេត្តចំនួន៣របស់ប្រទេសកម្ពុជា។ សំណើនេះ ត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១៤ ក្នុងឆ្នាំ២០២៥ ដែលរៀបចំដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា។
គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៤៦លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៤គម្រោង (ផលិតគ្រឿងសង្ហារិម, ផលិតឧបករណ៍លើកដាក់, ឧបករណ៍ជាង និងសម្ភារៈបន្ទាប់បន្សំ (ពីលោហៈធាតុ និងប្លាស្ទិក), ផលិតសម្ភារៈប្រើប្រាស់ និងតុបតែងលម្អក្នុងផ្ទះ (ធ្វើពីប្លាស្ទិក និងលោហៈធាតុ), និងផលិតសម្ភារៈកីទ្បា និងវិស័យកសិ-ឧស្សាហកម្មចំនួន ១គម្រោង គឺគម្រោងរោងចក្រកែច្នៃដំទ្បូងមី និងផលិតជី។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំង៥ ខាងលើនេះ បានបោះទីតាំងនៅខេត្តកណ្តាល ព្រះសីហនុ និងខេត្តកំពង់ធំ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត










