ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៧កញ្ញាបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពគឃ្លើននិងបង្កហេតុរបស់កងកម្លាំងប្រដាប់អាវុធថៃដែលចូលមកក្នុងទឹកដីកម្ពុជា ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រដាក់ជនស៊ីវិល និងព្រះសង្ឃកម្ពុជារងរបួសជាច្រើននាក់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លើសពីនេះ ទាហានថៃ ក៏បានប្រើឧបករណ៍បំពងសម្លេងហ្វ្រេកង់ខ្ពស់ ធ្វើឱ្យប៉ះពាល់ដល់ត្រចៀករបស់ប្រជាពលរដ្ឋកម្ពុជា ខណៈដែលពួកគេកំពុងការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេដោយសន្តិវិធី។
ក្រសួងការបរទេសបានចាត់ទុកសកម្មភាពដ៏គឃ្លើនរបស់ទាហានថៃ រួមនឹងការភ្ជង់អាវុធពិតទៅលើជនស៊ីវិល គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ក៏ដូចជារំលោភទៅលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងបទដ្ឋានមនុស្សធម៌ ស្របពេលជនស៊ីវិលកម្ពុជាដែលគ្មានអាវុធកំពុងរស់នៅដោយសន្តិភាពលើទឹកដីដូនតារបស់ខ្លួន ដែលមិនត្រូវការ ការគំរាមកំហែង និងអំពើហិង្សាដូច្នេះឡើយ។
ក្រសួងការបរទេសកម្ពុជា ការបង្កហេតុជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ អាចធ្វើឱ្យបទឈប់បាញ់មានភាពផុយស្រួយនៅតាមបណ្តោយព្រំដែន និងថែមទាំងធ្វើឱ្យអន្តរាយយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទាំងពីរ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធីនិងយន្តការចរចានានា។
«កម្ពុជាសូមអំពាវនាវបន្ថែមដល់សហគមន៍អន្តរជាតិ ជាពិសេសអាស៊ាន និងបណ្តាដៃគូពាក់ព័ន្ធឱ្យយកចិត្តទុកដាក់លើការវិវត្តដ៏គួឱ្យព្រួយបារម្ភទាំងនេះ ខណៈកម្ពុជានៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី ដោយផ្នែកលើភាពជាអ្នកជិតខាងល្អ ច្បាប់អន្តរជាតិ និងស្មារតីសាមគ្តីភាពរបស់អាស៊ាន»។ នេះបើតាមក្រសួងកាបរទេសកម្ពុជាបន្ថែមក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត













