跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជាបន្តរងឥទ្ធិពលព្យុះមួយទៀតជាព្យុះទី១៧ដល់ថ្ងៃ២១កញ្ញា

历史原文 · 暂无当前语言译文

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ប្រទេសកម្ពុជា បានបន្តរងឥទ្ធិពលព្យុះមួយទៀត គឺជាព្យុះទី១៧ឈ្មោះ មីតាក (Mitag) T2517 ក្នុងឆ្នាំ២០២៥ ដែលនាំឱ្យមានភ្លៀងធ្លាក់ផ្គររន្ទះ និងខ្យល់កន្រ្តាក់ស្ទើរទូទាំងប្រទេសពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែកញ្ញា។ ប៉ុន្តែទោះជាយ៉ាងណា គន្លងផ្លូវដើររបស់ព្យុះ មីតាក នេះ ពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ។

ក្រសួងជូនដំណឹងថា ព្យុះនេះ បានវិវត្តពីសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង ដែលនាំឱ្យមានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងប្រទេសកម្ពុជា។

ស្ថានភាពបែបនេះ បើតាមក្រសួងធនធានទឹក បានបញ្ជាក់ថា នៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្រប់ដណ្តប់លើផ្ទៃដី ៤៥ភាគរយ។

ចំណែក តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី៥០ភាគរយ។ ដោយឡែក តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី៣០ភាគរយ ខណៈរលកសមុទ្រមានកម្ពស់មធ្យមចន្លោះពី ០,៥០ម៉ែត្រទៅ១,៧៥ម៉ែត្រ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…