នាវាទេសចរណ៍ M.V Doulos Hope បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)ដោយសុវត្ថិភាព កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។ ការចូលចតនៅខេត្តព្រះសីហនុ ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា និងបើកពិព័រណ៍សៀវភៅនៅលើនាវា រយៈពេល ២៧ថ្ងៃ។
ពិធីបើកឱ្យចូលទស្សនាជាផ្លូវការនៅលើនាវាទេសចរណ៍ MV Doulos Hope បានធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ក្រោមវត្តមានឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ និងលោក ថោង វីរ៉ូ អគ្គនាយករងទទួលបន្ទុករដ្ឋបាល-គ្រប់គ្រង តំណាងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
នាវាទេសចរណ៍នេះ មានសញ្ជាតិ MALTA ប្រវែងបណ្តោយ ៨៥,២០ម៉ែត្រ ប្រវែងទទឹង ១៦,៥២ម៉ែត្រ ជម្រៅ ៣,៨ម៉ែត្រ ក្នុងនោះមាននាវិកសរុបចំនួន ៩៧នាក់ (ស្រី ៥៤នាក់) មាន ៣៧សញ្ជាតិ។ ការចូលចតនៅខេត្តព្រះសីហនុ ដើម្បីមកទស្សនាប្រទេសកម្ពុជា និងបើកពិព័រណ៍សៀវភៅ រយៈពេល ២៧ថ្ងៃ។ ដោយឡែក នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
នាវាទេសចរណ៍ M.V Doulos Hope ធ្វើដំណើរជុំវិញទ្វីបអាស៊ី ក្នុងបេសកកម្មនាំមកនូវ «ចំណេះដឹង, ការជួយ, និងក្តីសង្ឃឹម» តាមរយៈអក្សរសាស្ត្រ, ការផ្លាស់ប្តូរវប្បធម៍ និងការផ្សារភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកនៅក្នុងសហគមន៍៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត
















