មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ពីស្ថានភាពទឹកភ្លៀងច្រើន បាតុភូតផ្គររន្ទះ ខ្យល់កន្រ្តាក់ និងរលកសមុទ្រមានកម្ពស់ខ្ពស់ៗចាប់ពីថ្ងៃទី២៤នេះដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយសារប្រព័ន្ធសម្ពាធទាប និងជ្រលងនៃព្យុះទីហ្វុងរ៉ាហ្គាសា លើកទី១៨ បាននិងកំពុងមានឥទ្ធិពលមកលើខេត្តព្រះសីហនុ។
សេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹកខេត្តខេត្ត បានបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសមានពពកច្រើន មានភ្លៀងផ្គររន្ទះពីតិចទៅច្រើនភវនីយភាព ៨០ភាគរយ ខ្យល់កន្រ្តាក់បក់ក្នុងល្បឿនពី៨ទៅ១២ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្រិតពី១ទៅ២ម៉ែត្រ និងមានសីតុណ្ហភាពពី២៦អង្សាសេទៅ២៨អង្សាសេ។
អាស្រ័យដូចបានជម្រាបជូន មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានបញ្ជាក់ដូច្នេះថា៖ «សូមជូនដំណឹងជាសាធារណៈសូមមេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពទឹកភ្លៀងច្រើនលើសកម្រិតធម្មតា ខ្យល់កន្រ្តាក់ រលកសមុទ្រមានកម្ពស់ខ្ពស់ៗ និងអាចកើតមានបាតុភូតផ្គររន្ទះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដូចជាជំនន់ទឹកភ្លៀងដែលអាចកើតមានជាយថាហេតុ»។
មន្ទីរធនធានទឹកខេត្ត បញ្ជាក់បន្ថែមថា នឹងបន្តការតាមដានសភាពការណ៍ធាតុអាកាស និងជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួលបន្ថែមទៀត៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត









