跳至正文
西哈努克省电视台 · 官方网站
登录

ពីថ្ងៃ២៥ដល់ថ្ងៃ២៧កញ្ញាកម្ពុជាបន្តភ្លៀងធ្លាក់ផ្គររន្ទះខ្យល់កន្រ្តាក់និងមានរលកសមុទ្រកម្ពស់ជិត៣ម៉ែត្រ

历史原文 · 暂无当前语言译文

នៅតាមបណ្តារាជធានី-ខេត្តស្ទើរទូទាំងប្រទេសកម្ពុជា អាចបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្រប់ដណ្តប់លើផ្ទៃដីពី៥០ទៅ៧០ភាគរយ ខណៈរលកសមុទ្រមានកម្ពស់ទៅដល់២,៥០ម៉ែត្រ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា។

កត្តាដែលអាចនាំឱ្យមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេសបែបនេះ បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ថា ដោយសារព្យុះទី២០ ឈ្មោះប៊ូឡូយ (Bualoi) T2520 ដើរស្របនឹងគន្លងព្យុះទី១៨ ឈ្មោះ រ៉ាហ្គាសា (Ragasa) T2518។ ដោយឡែក ព្យុះទី១៩ ឈ្មោះនេហ្គារី (Neoguri) T2519 បានបង្កើនឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើប្រទេសកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងណា គន្លងផ្លូវដើររបស់ព្យុះទាំង៣នេះ ពុំមានឥទ្ធិពលខ្លាំងមកលើប្រទេសកម្ពុជានោះទេ។

ស្ថានភាពបែបនេះ ក្រសួងបញ្ជាក់បន្ថែមថា តំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ៦០ភាគរយ។

ចំណែក តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ៧០ភាគរយ។ ដោយឡែក តំបន់មាត់សមុទ្រ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី៥០ភាគរយ ខណៈរលកសមុទ្រមានកម្ពស់ពី០,៥០ម៉ែត្រទៅ២,៥០ម៉ែត្រ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…