សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានបង្ហោះសារមួយលើបណ្តាញតេឡេក្រាមផ្លូវការកាលពីម្សិលមិញទាក់ទងការបាញ់ប្រហារដើម្បីសម្លាប់សម្តេចនាថ្ងៃ២៤ កញ្ញា ១៩៩៨ នៅទីរួមខេត្តសៀមរាប។ សារដែលបានបង្ហោះនោះ មានឃ្លាមួយដែលសម្តេចគិតថាមានកំហុសដោយមើលឃើញតែមួយជ្រុងនៃតួនាទីរបស់សម្តេចមិនបានគិតដល់កត្តាដ៏ទៃទៀត។ ដូច្នេះ នៅព្រឹកថ្ងៃទី២៥ កញ្ញានេះ សម្តេចតេជោ បានបង្ហោះសារផ្តល់នូវការវិភាគបន្ថែមដែលអាចកើតឡើងក្រោយការស្លាប់របស់សម្តេច។
តាមរយៈសារបង្ហោះនៅលើបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ នាព្រឹកថ្ងៃទី២៥កញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថាអត្ថបទនេះមានកំហុសត្រង់ចំណុច (ប្រសិនខ្ញុំស្លាប់ឬរបួសប្រទេសកម្ពុជាយើងនិងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃឡើយព្រោះម្ចាស់នៃនយោបាយឈ្នះ ឈ្នះបានស្លាប់ទៅហើយ)»។
បន្ថែមពីនេះ សម្តេចតេជោ សង្កត់ធ្ងន់ថា ការសរសេរបែបនេះ គឺជាកំហុសដែល
មើលឃើញតែមួយជ្រុងនៃតួនាទីរបស់សម្តេចដោយមិនបានគិតដល់កត្តាដ៏ទៃទៀត។ ដូច្នេះពេលនេះ សម្តេចសូមផ្តល់នូវការវិភាគបន្ថែមដែលអាចកើតឡើងក្រោយការស្លាប់
របស់សម្តេច។
ការវិភាគបន្ថែមដែលសម្តេចផ្តល់ជូននោះ ត្រូវបានបង្ហាញយ៉ាងដូច្នេះ៖ «១. ក្រោយការស្លាប់របស់ខ្ញុំការបង្ហូរឈាមមួយកើតឡើងភ្លាមដែលធ្វើឱ្យមនុស្សយ៉ាងច្រើនស្លាប់នៅទីរួមខេត្តសៀមរាប។ ២. គ្រប់គ្រងសភាពការបានរដ្ឋសភាដំណើការប្រជុំធម្មតានិងឈានទៅ
បង្កើតរាជរដ្ឋាភិបាលថ្មីឬត្រូវជាប់គាំងបង្កើតរាជរដ្ឋាភិបាលមិនបាន។ ៣. ប្រទេសបន្តសង្រ្គាមដោយបែងចែកជាតំបន់ត្រួតត្រា២ ម្ខាងរាជរដ្ឋាភិបាល និងម្ខាងទៀតខ្មែរក្រហម។ ៤. មានអ្នកដឹកនាំនយោបាយឆ្នើមរកការស្រុះស្រួលផ្ទៃក្នុងផងនិងរកវិធីបញ្ចប់សង្គ្រាមបានផង។ តាមរយៈការស្រុះស្រួលនេះសន្តិភាពកើតមាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដែលល្អលើសហ៊ុន សែនច្រើនដង។ នៅមានកត្តាច្រើនទៀតដែលខ្ញុំសូមមិនលើកឡើងទុកជូនបងប្អូនវាយតម្លៃខ្លួនឯង»៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

