跳至正文
西哈努克省电视台 · 官方网站
登录

លំនៅឋានពលរដ្ឋជិត៤ពាន់ខ្នងនៅខេត្តសៀមរាបរងការជន់លិចដោយសារជំនន់ទឹកភ្លៀង

历史原文 · 暂无当前语言译文

ដោយសារតែមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានធ្វើឱ្យលំនៅឋានប្រជាពលរដ្ឋចំនួន ៣,៦៧១ខ្នងផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅក្នុងខេត្តសៀមរាប ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

លំនៅឋានប្រជាពលរដ្ឋចំនួន ៣,៦៧១ខ្នងផ្ទះ រួមនឹងសាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៅក្នុងក្រុងស្រុកចំនួន១០ ស្មើនឹង ១៤៤ភូមិ ក្នុងខេត្តសៀមរាប រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមមន្ទីរព័ត៌មានខេត្តសៀមរាប។

ក្នុងឱកាសដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងតាមក្រុងស្រុកក្នុងខេត្តសៀមរាប នៅថ្ងៃទី២៤ ខែកញ្ញា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានភាពម្ចាស់ការក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន ធ្វើយ៉ាងណាកុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយត្រូវប្រើឱ្យអស់គ្រប់វិធានការចាំបាច់នានា ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃនៃការខូចខាតដោយសារជំនន់ទឹកភ្លៀងឱ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការជួយដល់ប្រជាពលរដ្ឋ។ ពិសេសត្រូវយកចិត្តទុកដាក់លើការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងដំណាំស្រូវឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស។ ឯកឧត្តម បានណែនាំឱ្យប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ត្រៀមឆ្លើយតបជាប្រចាំ ជាពិសេសទីតាំងដែលងាយរងការជន់លិច៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…