(ខេត្តព្រះសីហនុ)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តព្រះសីហនុ បានទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុប ២១៦.៩៥៦នាក់ កើនឡើង២៥,៧៦%។ នេះបើយោងតាមលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានផ្តល់បទសម្ភាសន៍ជូនស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ។
លោក តាំង សុចិត្រគ្រឹស្នា បានឱ្យដឹងថា កំណើនភ្ញៀវទេសចរដែលបានមកលេងនៅខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យភ្ជុំបិណ្យរយៈពេល៣ថ្ងៃ ក្នុងនោះភ្ញៀវជាតិ ២១១.២៨៨នាក់ កើនឡើង២៧,៥៩% ខណៈភ្ញៀវបរទេសសរុប ៥.៦៦៨នាក់ កើនឡើង១៥,២៥% នៃចំនួនភ្ញៀវសរុប។
លោកបានបន្ថែមថា ភ្ញៀវបានដើរលេងកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ២១៤.០៧១នាក់ កើនឡើង២៧,៣០% ក្នុងនោះភ្ញៀវជាតិ ២០៩.៨៧០នាក់ កើនឡើង២៧,២៦% ខណៈភ្ញៀវបរទេស ៤.២០១នាក់ កើនឡើង២៩,៥០%
ជាមួយគ្នានេះ ក៏មានភ្ញៀវបានធ្វើដំណើរចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុចំនួន១០ជើងផងដែរ ស្មើនឹង ៥៧៦នាក់ កើនឡើង៤០,៤៨% ក្នុងនោះភ្ញៀវជាតិ០៦នាក់ ថយចុះ២៥% ខណៈភ្ញៀវអន្តរជាតិ ៥៧០នាក់ កើនឡើង៤១,៧៩%។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក៏បានគូសបញ្ជាក់ថា ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាសរុប ២.៣០៩នាក់ កើនឡើង១៨,៤៧% ក្នុងនោះភ្ញៀវជាតិ១.៤១២នាក់ កើនឡើង១០៨,៥៦% ខណៈភ្ញៀវបរទេស៨៩៧នាក់ ថយចុះ២៣,៤៨%។
សូមជម្រាបដែរថា ខេត្តព្រះសីហនុ ជាគោលដៅទេសចរដ៏ពេញនិយមបំផុតនៅប៉ែកនិរតីនៃកម្ពុជា ដែលពោរពេញទៅសក្តានុពលកោះ ឆ្នេរសមុទ្រ រមណីយដ្ឋាន និងតំបន់ឧទ្យានធម្មជាតិនានា ដែលបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្តគ្រប់ទិសទី៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ









