跳至正文
西哈努克省电视台 · 官方网站
登录

ការព្យាបាលដោយចលនា គឺជាវិជ្ជាជីវៈសំខាន់មួយ ក្នុងចំណោមសេវាវេជ្ជសាស្ត្រ សម្រាប់ជួយព្យាបាលជំងឺឱ្យបានធូរស្បើយ

历史原文 · 暂无当前语言译文

ឯកឧត្តម វេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ការព្យាបាលដោយចលនាគឺជាវិជ្ជាជីវៈមួយមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងចំណោមសេវាវេជ្ជសាស្ត្រផ្សេងទៀត ហើយអាចរួមបញ្ចូលជាមួយវិជ្ជាជីវៈវេជ្ជសាស្ត្រ វិជ្ជាជីវៈជំនួយវេជ្ជសាស្ត្រ និងអមវេជ្ជសាស្ត្រទាំងឡាយ។ វិជ្ជាជីវៈនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការព្យាបាលឱ្យបានធូរស្បើយ ឬជាសះស្បើយ ការពារ សម្របសម្រួល និងស្តារលទ្ធភាពពលកម្មរបស់អ្នកជំងឺ និងជនពិការភាព។

ឯកឧត្តម បានមានប្រសាសន៍ដូច្នេះ នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ ក្នុងឱកាសដែលសមាគមពេទ្យព្យាបាលដោយចលនាកម្ពុជា រៀបចំពិធីបើកសន្និបាតជាតិព្យាបាលដោយចលនាលើកទី ២៣ ក្រោមប្រធានបទសំខាន់ចំនួនពីរ គឺ «សុខភាពមនុស្សចាស់» និង «ការព្យាបាលដោយចលនា ដើម្បីស្តារលទ្ធភាពពលកម្ម»។ ពិធីនេះមានការចូលរួមពីតំណាងក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនផ្សេងទៀត នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក ហៀម ហឿង ប្រធានសមាគមពេទ្យព្យាបាលដោយចលនាកម្ពុជា បានលើកឡើងថា ប្រធានបទទាំងនេះឆ្លុះបញ្ចាំងនូវបញ្ហាប្រឈមជាក់ស្តែងនៅកម្ពុជា។ លោកបន្តថា តាមរបាយការណ៍ជាតិនានា ប្រទេសកម្ពុជាកំពុងឈានចូលសង្គមចាស់ជរា ដោយមានប្រជាជនអាយុ ៦៥ ឆ្នាំឡើងទៅជាង ១,៣ លាននាក់ (ប្រហែល ៨-៩% នៃប្រជាជនសរុប)។ ក្នុងពេលដូចគ្នា ជំងឺមិនឆ្លងដូចជា ជំងឺបេះដូង សម្ពាធឈាមខ្ពស់ ទឹកនោមផ្អែម និងមហារីក ក៏កំពុងកើនឡើង ហើយជាហេតុសំខាន់នៃមរណភាព។ នេះបង្ហាញថា តម្រូវការសេវាព្យាបាលដោយចលនានឹងកាន់តែចាំបាច់។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់ថា ក្រសួងសុខាភិបាល នឹងបន្តយកចិត្តទុកដាក់លើការកសាងសមត្ថភាពជំនាញផ្នែកព្យាបាលដោយចលនា។ ក្នុងនោះរួមមាន ការកែលម្អការជ្រើសរើសនិស្សិតផ្នែកព្យាបាលដោយចលនា ឱ្យចូលរៀននៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ នៃសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងការជ្រើសរើសអ្នកជំនាញព្យាបាលដោយចលនា ដើម្បីចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា ឬមន្ត្រីកិច្ចព្រមព្រៀង នៅតាមមន្ទីរពេទ្យជាតិ និងរាជធានី-ខេត្តទូទាំងប្រទេស តាមរយៈការប្រលងប្រជែង។

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

评论

正在加载评论…