បន្ទាប់ពីមានការប្រចោទប្រកាន់ពាក់ព័ន្ធនឹងករណីរុះរើផ្ទះ១ខ្នងនៅចំណុចអូរភ្លុកដំរីថាជាការកាត់ដីកម្ពុជាទៅឱ្យប្រទេសថៃ។ ពេលនេះ យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានចេញមកបំភ្លឺយ៉ាងច្បាស់ៗថា ជាការមិនពិត និងប្រាស់ចាកទាំងស្រុងពីស្មារតីនៃខ្លឹមសារលិខិតចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ព្រមទាំងគ្មានមូលដ្ឋានផ្លូវច្បាប់។
ករណីនេះ យោធភូមិភាគទី៥ សង្កត់ធ្ងន់ថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន គឺជាសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ។ ជាមួយនឹងការអះអាងពីសមត្ថកិច្ចនេះ ក៏បានបញ្ជាក់បន្ថែមនៅក្នុងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសលើកទី១របស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីបំភ្លឺរបស់យោធភូមិភាគទី៥ ចេញនៅថ្ងៃទី២៦ ខែកញ្ញា។
បើតាមយោធភូមិភាគទី៥ កម្ពុជា និងថៃ គឺជាមូលដ្ឋានគ្រប់គ្រាន់ និងច្បាស់លាស់ទាំងមូលដ្ឋានច្បាប់ យន្តការស្ថាប័ន និងវិធានការបច្ចេកទេសសម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសផែនទីមាត្រដ្ឋាន ១/២០០.០០០ យោងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងមានការបោះបង្គោលជាមួយគ្នាចំនួន៧៤បង្គោល ហើយភាគីទាំងពីរកម្ពុជា-ថៃ បានទទួលស្គាល់ និងបញ្ជាក់ឡើងវិញនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU 2000)។
យោធភូមិភាគទី៥ បានបញ្ជាក់បន្ថែមថា៖ «សូមបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានដាច់ខាត និងសូមប្រកាសគាំទ្រការដោះស្រាយបញ្ហាព្រំដែនតាមមធ្យោបាយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ»៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត
